Hattha top Banner

ការកើនឡើងអំណាចនៃការទិញ បានធ្វើឲ្យផ្សារទំនើបធំៗចំនួន២របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ផ្សារទំនើបធំៗរបស់ថៃចំនួន២ នឹងមកបើកសាខាបន្ថែ​មទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើបMakro នឹងមកបើកសាខា៣បន្ថែមកម្ពុជា។ ចំណែកផ្សារទំនើបBig C វិញនាពេលបច្ចុប្បន្ននេះ កំពុងតែចាប់ផ្តើមសាងសង់ ទីតាំងថ្មី១កន្លែងទៀតផងដែរ។

ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺMakro បានបង្ហើបពីគោលបំណងដែលខ្លួន គ្រោងនឹងមកពង្រីក ផ្សារទំនើបចំនួន៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះ ធ្លាប់បានបើកសាខាចំនួន៣កន្លែង កន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោង​តាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀត គឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។

ចំណែកផ្សារទំនើប Big C កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) និងក្រុមហ៊ុន BJC របស់ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការអភិវឌ្ឍន៍ផ្សារទំនើប Big C ទំហំ២.៧ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់គម្រោងផ្សារទំនើបថ្មីនេះដែរ ក្រុមហ៊ុន BJC បានដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់សរុ​បរហូតដល់៥០លានដុល្លារ។ បើតាមការគ្រោងទុកផ្សារទំនើប Big C នេះត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្នុងចន្លោះរយៈពេលពី១៨ ទៅ២៤ខែ គិតចាប់ពីពេលចាប់ផ្តើមសាងសង់។

កន្លងមកនេះ Big C បានដំណើរការផ្សារទំនើបទី១ របស់ខ្លួននៅក្រុងប៉ោយប៉ែតរួចមកហើយ។ ដោយក្នុងនោះក៏មាន Big C Mini ចំនួន២០ នៅរាជធានីភ្នំពេញ និងខេត្ដកំពត ហើយBig C ក៏គ្រោងនាំយកយីហោរបស់ខ្លួន ទៅខេត្តបាត់ដំបងផងដែរ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here