រដ្ឋាភិបាលអូស្ត្រាលីបោះទុនបន្ថែម៦ពាន់លានដុល្លារដើម្បី ដោះស្រាយវិបត្តិលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាល​អូស្ត្រាលី បាន​ដាក់ចេញយុទ្ធសាស្ត្រ​របស់​ខ្លួន​ ដើម្បី​ដោះស្រាយ​ទីផ្សារលំនៅដ្ឋាន​ ដែល​កំពុង​ជួប​វិបត្តិខ្វះខាតការផ្គត់ផ្គង់ រហូតនាំឱ្យតម្លៃផ្ទះនៅក្នុងប្រទេសមួយនេះ ហក់ឡើងខ្ពស់កប់ពពក។

ជាក់ស្តែង នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងស៊ីដនី បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ចំនួន៩,៦ភាគរយ ដល់១.១៣៩.៣៧៥ដុល្លារក្នុងមួយយូនីត ខណៈតម្លៃផ្ទះនៅទីក្រុងម៊ែលប៊នបានកើនឡើង៣,២% ដល់៧៧៨.៨៩២ដុល្លារក្នុងមួយយូនីត។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អូស្តា្រលីបានបោះទុនបន្ថែមចំនួន៦,២ពាន់លានដុល្លារ សម្រាប់វិធានការថ្មី ក្នុងការជំរុញការផ្គត់ផ្គង់លំនៅដ្ឋាន តាមរយៈការវិនិយោគលើលំនៅដ្ឋានសង្គម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការស្នាក់នៅរបស់សិស្ស។ទុនវិនិយោគថ្មីនេះ បានបូកបន្ថែមពីលើគម្រោង Homes for Australia ដែលទើបត្រូវបានបង្កើតថ្មី ដែលមានទំហំទឹកប្រាក់៣២ពាន់លានដុល្លារ។ គម្រោងនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញការសាងសង់ផ្ទះថ្មី ចំនួន១,២លានយូនីត ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ហេរញ្ញិក​អូស្ត្រាលី​ លោក​ Jim Chalmers បានថ្លែងសុន្ទរកថារបស់លោកទៅកាន់សភាថា “គោលដៅសំខាន់ចំនួន២នៃការអនុម័តថវិកាវិនិយោគនេះ គឺដើម្បីបន្ធូរបន្ថយថ្លៃដើមនៃការរស់នៅ និងការកសាងផ្ទះបន្ថែមទៀត សម្រាប់ប្រជាជនអូស្ត្រាលី”។

លោក Chalmers បានបន្តថា “ក្នុងរយៈពេល៥ឆ្នាំខាងមុខរាប់ចាប់ពីខែកក្កដា ឆ្នាំនេះ យើងមានគោលបំណងសាងសង់ផ្ទះចំនួន១,២លានយូនីត”។ លោកបន្ថែមថា “គោលដៅរបស់យើងគឺមានមហិច្ឆតា ប៉ុន្តែយើងនឹងអាចសម្រេចបាន ប្រសិនបើយើងទាំងអស់គ្នាធ្វើការជាមួយគ្នា”។

ចំណែក លោកស្រី Julie Collins រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានអូស្ត្រាលីបានលើកឡើងថា “ការបង្កើនការផ្គត់ផ្គង់ គឺជាដំណោះស្រាយដ៏ល្អបំផុត និងយូរអង្វែងបំផុត ចំពោះកង្វះលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី”៕ប្រភព:news.com.au៕

LEAVE A REPLY

Please enter your comment!
Please enter your name here