ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់ថៃមួយរូបអះអាងថា ប្រទេសថៃប្រហែលជាត្រូវពិចារណា ផ្លាស់ប្តូរទីតាំងរាជធានីបាងកក របស់ខ្លួនដោយសារតែការកើនឡើង នៃកម្រិតទឹកសមុទ្រ និងការជន់លិចទីក្រុងនៅពេលរដូវវស្សាចូលមកដល់។ នេះបើយោងតាមកាសែតហុងកុង South China Morning Post។
ទីក្រុងបាងកក ដែលបានកសាងឡើងលើផ្ទៃដី ដែលធ្លាប់ជាដីភក់កម្ពស់ប្រហែល១ម៉ែត្រកន្លះ ពីកម្ពស់ទឹកសមុទ្រ ត្រូវគេរំពឹងថា នឹងក្លាយជាទីក្រុង ដែលរងការប៉ះពាល់ខ្លាំងបំផុតមួយ នៅលើពិភពលោក ដូចទៅនឹងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ចំណុះឱ្យរដ្ឋាភិបាលថៃ បានព្រមានថា ទីក្រុងបាងកក ប្រហែលជាមិនអាចសម្របខ្លួន ជាមួយពិភពលោក ស្របពេលកំដៅបន្តហក់ឡើងដូចពេលបច្ចុប្បន្នបានទេ។
លោកបានឱ្យដឹងបន្តថា រដ្ឋបាលទីក្រុងបាងកកកំពុងរិះរកវិធានការនានា ដែលរួមមានទាំងការកសាង ជញ្ជាំងទប់ស្កាត់ទឹកជំនន់ ស្រដៀងទៅនឹងវិធីសាស្ត្រ ដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសហូឡង់។
ប៉ុន្តែ លោក Pavich បានបញ្ជាក់ថា “យើងក៏កំពុងគិតគូរអំពីការផ្លាស់ប្តូររាជធានីផងដែរ ដោយកត់សម្គាល់ថា ការពិភាក្សានៅតែមានសម្មតិកម្ម ហើយបញ្ហាគឺស្មុគស្មាញណាស់”។
លោកបានបញ្ជាក់ថា “ក្នុងមតិផ្ទាល់ខ្លួន ខ្ញុំគិតថា ការប្តូររាជធានីគឺជាជម្រើសល្អ។ ដូច្នេះយើងអាចបំបែករាជធានី តំបន់រដ្ឋាភិបាល និងតំបន់អាជីវកម្ម”។ លោកបន្ថែមថា “ទីក្រុងបាងកក នឹងនៅតែជារាជធានីរបស់រដ្ឋាភិបាល ប៉ុន្តែយើងត្រូវផ្លាស់ប្តូរតំបន់អាជីវកម្ម”។
ជាមួយគ្នានេះ ប្រទេសថៃកំពុងរងឥទ្ធិពល ពីការប្រែប្រួលអាកាសធាតុ នៅទូទាំងវិស័យមួយចំនួន រាប់ចាប់តាំងពីកសិករ ដែលជួបប្រទះនឹងកម្ដៅ និងគ្រោះរាំងស្ងួត រហូតដល់អាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ ដោយសារការប្រែពណ៌ផ្កាថ្ម និងការបំពុលខ្យល់អាកាស។
យ៉ាងណាមិញ លោក Pavich បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា នៃការបំពុលខ្យល់ ជាពិសេសនៅភាគខាងជើងនៃប្រទេសថៃ មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ៕ប្រភព: SCMP៕