ដោយ គង់ សូរិយា
ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយធនាគារពិភពលោកប្រចាំកម្ពុជា បានចាប់ផ្តើមបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ”គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា”។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលទទួលបាននាព្រឹកថ្ងៃទី១២ មិនានេះបានឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីប្រមូលធាតុចូល សម្រាប់រៀបចំឯកសារទស្សនទាន និងជាផែនទីបង្ហាញផ្លូវ សម្រាប់រៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។
-->
សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញនិងចែករំលែកទស្សនពីក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា Microsoft, Alibaba, Ali Pay, ក្រុមហ៊ុន Facebook ជាដើម។
សិក្ខាសាលានេះ នឹងមានការធ្វើបទបង្ហាញពីបទពិសោធន៍ប្រទេសក្នុងតំបន់ ក្នុងការរៀបចំ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ដែលមានដូចជា ប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរីជាដើម។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា សិក្ខាសាលានេះក៏ជាវេទិកាជជែកពិភាក្សា ដ៏សំខាន់ក្នុងកម្រិតគោលនយោបាយ ហើយដែលទ្ឋផលកើតចេញពីសិក្ខាសាលានេះមិនត្រឹមតែក្លាយជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ តែថែមទាំងជាធាតុចូលក្នុងការជំរុញការធ្វើពិពិធកម្ម និងបង្កើនប្រសិទ្ឋភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕