ដោយ នៅ វឌ្ឈនា
សៀមរាប៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រាសាទនានាក្នុងតំបន់អង្គរ។
លោកសុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក Jack Ma ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក Jack Ma ជាមនុស្សសុភាពគួរ ឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោកបានបង្ហាញនូវការគោរពផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រា លជ្រៅចំពោះអង្គរ។
លោកបន្តថា តាមការបញ្ជាក់របស់លោក Jack Ma លោកពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ ប្រកប ដោយការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់ថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ឬទី៣បន្តទៀត។
លោកសុខ សង្វារបានបន្តថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោក ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត៕