ដោយ: គង់ លាងហួរ
អន្តរជាតិ: ការខូចខាត ការទាមទារតម្លៃខ្ពស់ មិនសមហេតុផល និងពេលវេលាមិនអំណោយផល គឺជាមូលហេតុ ដែលធ្វើឱ្យអចលនទ្រព្យមិនស្ថិតក្នុងក្រសែភ្នែក របស់អ្នកទិញដែលមានសក្ដានុពល។
ការលក់ផ្ទះ ដែលមើលទៅហាក់ដូចជារឿងសាមញ្ញ ប៉ុន្តែវាអាចប្រែក្លាយជាបញ្ហាដ៏គួរឱ្យឈឺក្បាល ប្រសិនបើទ្រព្យសម្បត្តិ ឬផ្ទះដែលត្រូវបានចុះបញ្ជីប្រកាសដាក់លក់ នៅតែបន្តគ្មានអតិថិជនមកទិញ។
ទាក់ទិននឹងរឿងនេះ ក្រុមហ៊ុនអចលនទ្រព្យ HomeLight បានទម្លាយឱ្យដឹង នូវហេតុផលទូទៅចំនួន៤យ៉ាង នៅពីក្រោយបញ្ហាទាំងនេះ៖
ទី១៖ការកំណត់តម្លៃខ្ពស់ហួសហេតុ
លោក Alex Adabashi អ្នកជំនាញអចលនទ្រព្យ ព្រមានថា ការទាមទារតម្លៃអចលនទ្រព្យខ្ពស់ពេក អាចរារាំងអ្នកទិញ ទោះបីទីផ្សារមានសកម្មភាពរស់រវើកយ៉ាងណាក្តី។
លោកបានមានប្រសាសន៍បន្តថា “អ្នកលក់ភាគច្រើនតែងតែចូលចិត្តទាមទារតម្លៃខ្ពស់ ដើម្បីទុកឱកាសឱ្យអ្នកទិញធ្វើការចរចា។ ប៉ុន្តែ ការណ៍នេះក៏អាចធ្វើឱ្យចំណាប់អារម្មណ៍ អ្នកទិញធ្លាក់ចុះផងដែរ”។ ហេតុនេះ ម្ចាស់អចលនទ្រព្យ គួរតែមកពិគ្រោះយោបល់ជាមួយភ្នាក់ងារអចលនវត្ថុ ឬអ្នកជំនាញ ដើម្បីកំណត់តម្លៃផ្ទះឱ្យសមហេតុផល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកទិញ។
ទី២: លក្ខណៈសម្បត្តិផ្ទះកាន់តែទ្រុឌទ្រោម
ចំពោះផ្ទះ ដែលមានការបាក់ខូចខាត លក្ខណៈពិសេសដ៏ហួសសម័យ ឬខ្វះខាតគ្រឿងបរិក្ខារគ្រប់គ្រាន់ អាចធ្វើឱ្យអ្នកទិញដើរចេញតែម្តង ទោះបីជាផ្ទះនោះប្រកាសដាក់លក់ ក្នុងតម្លៃថោកយ៉ាងណាក្តី។
យោងតាមលោក Adabashi ចំណាប់អារម្មណ៍ដំបូង ពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះ ការតុបតែងផ្ទះឱ្យមានសោភ័ណភាព តាមរយៈការធ្វើបច្ចុប្បន្នភាពជាយុទ្ធសាស្រ្ត ដូចជាការលាបថ្នាំពណ៌ ឬការជួសជុល អាចជួយរក្សាតម្លៃផ្ទះ និងទាក់ទាញអ្នកទិញ។ ការរៀបចំទីធ្លាពណ៌បៃតង ការកែលម្អភ្លើងបំភ្លឺ និងការរៀបចំបន្ទប់ទទួលភ្ញៀវឡើងវិញ ក៏ជាដំណោះស្រាយរហ័ស និងមានប្រសិទ្ធភាពផងដែរ។
ទី៣: ទីតាំងមិនអំណោយផល
ទីតាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់តម្លៃអចលនទ្រព្យ។ ជាក់ស្តែង ផ្ទះនៅតំបន់ដាច់ស្រយាល ដែលមិនសូវមានចរាចរ ណ៍មមាញឹកច្រើន ឬខ្វះខាតគ្រឿងបរិក្ខារគ្រប់គ្រាន់ គឺពិតជាពិបាកលក់ចេញណាស់។
ទោះបីជាផ្ទះនោះ មានភាពទាក់ទាញយ៉ាងណាក៏ដោយ ប៉ុន្តែបើផ្ទះនោះមានទីតាំងនៅឆ្ងាយ ពីមធ្យោបាយធ្វើដំណើរសាធារណៈ សា លារៀន មន្ទីរពេទ្យ ឬទីផ្សារអាចជាគុណវិបត្តិដ៏ធំមួយ។
ទី៤: ពេលវេលាមិនអំណោយផល
ការលក់ផ្ទះចេញអាចក្លាយជាបញ្ហាប្រឈម ប្រសិនបើទីផ្សារអចលនទ្រព្យកំពុងដាំក្បាលចុះ ឬទីផ្សារស្ថិតក្នុងសភាពអសកម្ម។ ការជ្រើសរើសពេលវេលាត្រឹមត្រូវ ក្នុងការសម្រេចចិត្តប្រកាសដាក់លក់ គឺរឿងចាំបាច់ ព្រោះវាអាចបង្កើនប្រសិទ្ធភាពតម្លៃ និងពេលវេ លាប្រតិបត្តិការ។
ការជ្រើសរើសពេលវេលា អាចប្រែប្រួលតាមប្រភេទអចលនទ្រព្យ។ តួយ៉ាង ផ្ទះ និងអាផាតម៉ិន ភាគច្រើនលក់ដាច់បំផុតនៅចុងឆ្នាំ ឬមុនរដូវកាលចូលរៀន ខណៈដែលដីធ្លី និងផ្ទះវីឡា អាចលក់ដាច់ខ្លាំងនៅរដូវក្តៅ និងនិទាឃរដូវ៕ប្រភព:Vnexpress៕