តើគម្រោងព្រែកជីកPinglu របស់ចិនដែលតភ្ជាប់មកកាន់តំបន់អាស៊ាន សម្រចបានវឌ្ឍនភាពបែបណា?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីរដ្ឋបាលមូលដ្ឋានមួយរូបបានអះអាងថា តួមេ(Main body) នៃព្រែកជីកតភ្ជាប់ផ្លូវទឹក នៅក្នុងតំបន់ស្វយ័ត Guangxi ជាមួយនឹងឈូងសមុទ្រ Beibu ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់ នៅចុងឆ្នាំ២០២៦ខាងមុខ។

លោក Xu Yongke អនុប្រធានរដ្ឋបាលក្នុងតំបន់ស្វយ័តខាងលើ បានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉េកាំងថា ការសាងសង់ព្រែកជីក Pinglu កំពុងដំណើរការយ៉ាងរលូន បន្ទាប់ពីបានចាប់ផ្តើមបើកការដ្ឋាន នៅខែសីហា ឆ្នាំ២០២២។

ព្រែកជីកនេះ មានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ដែលត្រូវបានគេរំពឹងថា នឹងតភ្ជាប់ទីក្រុង Hengzhou ក្នុងតំបន់ Guangxi ជាមួយនឹងឈូងសមុទ្រ Beibu ទៅកាន់ភាគខាងត្បូង ដែលអនុញ្ញាតឱ្យនាវា អាចជញ្ជូនដឹកទំនិញ ក្នុងចម្ងាយខ្លីជាងមុន ពេលទៅដល់សមុទ្រ។

លោក Xu បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា “ប្រសិន បើនាវាដឹកជញ្ជូនទំនិញ ចាកចេញពីភាគនិរតី នៃប្រទេសចិនទៅកាន់សមុទ្រតាមព្រែកជីកនេះ នោះវានឹងជួយកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ប្រមាណ៥៦០គីឡូម៉ែត្រ បើធៀបនឹងផ្លូវទឹកបច្ចុប្បន្ន”។

គម្រោងព្រែកជីកនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្នុងតំបន់ ក្នុងការទាក់ទាញ និងសម្រួលដល់អាជីវកម្ម និងពាណិជ្ជកម្មក្នុងស្រុក ក៏ដូចជាលំហូរនៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ។

លោក Lan Tianli ប្រធានរដ្ឋបាលក្នុងតំបន់ស្វយ័ត Guangxi បានលើកឡើងថា តំបន់ស្វយ័តGuangxi ដែលមានទីតាំងនៅជិតបណ្តាប្រទេសសមាជិកអាស៊ាន នឹងធ្វើការដើម្បីកសាងបណ្តាញដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មឆ្លងដែន និងឆ្លងតំបន់។

លោកក៏បានបញ្ជាក់ផងដែរថា តំបន់ Guangxi កំពុងពន្លឿនការសាងសង់កំពង់ផែឆ្លាតវៃ នៅព្រំដែនរបស់ខ្លួនជាមួយប្រទេ សវៀតណាម ដែលនឹងអនុញ្ញាតឱ្យមានការដឺកជញ្ជូន ទំនិញគ្មានមនុស្សបើករយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ។

លោក Lan បានបន្ថែមថា តំបន់ស្វយ័ត Guangxi ក៏នឹងសម្រ បខ្លួនយ៉ាងពេញលេញ ជាមួយនឹងច្បាប់ពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងបន្តធ្វើឱ្យបរិយាកាសអាជីវកម្មរបស់ខ្លួន កាន់តែមានភាពប្រសើរឡើង។

នៅពេលការសាងសង់បញ្ចប់រួចរាល់ ព្រែកជីក Pinglu នឹងតភ្ជាប់តំបន់ស្វយ័ត Guangxi ទៅកាន់ឈូងសមុទ្រតុងកឹង ឬឈូងសមុទ្រ Beibu។ ព្រែកជីកនេះ នឹងជួយសន្សំសំចៃថ្លៃចំណាយប្រចាំឆ្នាំសរុប របស់ក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់កុងតឺន័រ ដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងទៀត៕ប្រភព:State Council Information Office៕

LEAVE A REPLY

Please enter your comment!
Please enter your name here