ការសិក្សា: ការដំឡើងពន្ធជាសកលទៅលើមហាសេដ្ឋីនៅលើពិភពលោកអាចសម្រេចបានជោគជ័យ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយ បានរកឃើញថា ការរៀបចំផែនការជាលក្ខណៈអន្តរជាតិ ក្នុងការយកពន្ធលើទ្រព្យសម្បត្តិ របស់មហាសេដ្ឋីចំនួន៣.០០០នាក់ នៅទូទាំងពិភពលោក ពិតជាអាចសម្រេចធ្វើទៅបានតាមបច្ចេកទេស។

យោងតាមការសិក្សាថ្មីមួយរបស់លោក Gabriel Zucman សេដ្ឋវិទូបារាំងដ៏ល្បីល្បាញ បានសន្និដ្ឋានថា វឌ្ឍនភាពក្នុងការស្វែងរកវិធីសាស្ត្រយកពន្ធ លើក្រុមហ៊ុនសាជីវកម្មពហុជាតិរបស់មហាសេដ្ឋីនានា អាចសម្រេចបានដោយជោគជ័យ បើទោះបីជាមានបណ្តាប្រទេសមួយចំនួន សម្រេចមិនចូលរួមអនុវត្តន៍យ៉ាងណាក្តី។

លោក Zucman បានរៀបចំរបាយការណ៍នេះឡើង បន្ទាប់ពីលោកត្រូវបានអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤នេះ ដើម្បីពិនិត្យមើលវិធីសាស្ត្រ បង្កើនការយកពន្ធទៅលើមហាសេដ្ឋី។

លោក Zucman បានបញ្ជាក់ថាបច្ចុប្បន្ន គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រជាសាធារណៈ យ៉ាងច្រើនលើសលប់។ លោកបន្តថាប៉ុន្តែកាលពី១០ឆ្នាំមុន គ្មាននរណាម្នាក់ជឿទាល់តែសោះថា បណ្តាប្រទេសចំនួន១៣០នៅជុំវិញពិភពលោក នឹងគាំទ្រការយកពន្ធអប្បបរមា លើក្រុមហ៊ុនពហុជាតិរបស់មហាសេដ្ឋីធំៗរបស់ពិភពលោក

យោងតាមរបាយការណ៍សិក្សារបស់លោក Zucman បានឱ្យដឹងបន្តថា បច្ចុប្បន្ន មហាសេដ្ឋីម្នាក់ៗកំពុងបង់ពន្ធ ជាមធ្យមត្រឹមតែ០,៣ភាគរយប៉ុណ្ណោះ លើទ្រព្យសម្បត្តិរបស់ពួកគេ ដែលទាបជាងអត្រាពន្ធ ដែលកម្មករនិយោជិតបង់ទៅទៀត

លោកសង្កត់ធ្ងន់ថាយើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងគ្នា។ ប៉ុន្តែយើងមិនចាំបាច់ តម្រូវឱ្យគ្រប់ប្រទេសទាំងអស់ ត្រូវតែចូលរួមគំនិតផ្តួចផ្តើមនេះនោះទេ

តួយ៉ាង សហរដ្ឋអាមេរិកបានជំទាស់ នឹងផែនការយកពន្ធជាសកលទៅលើទ្រព្យសម្បត្តិ។ ប៉ុន្តែត្រង់ចំណុចនេះ លោក Zucman បានពន្យល់ថា សំណើថវិការបស់លោកប្រធានាធិបតី ចូ ដៃដិន ក្នុងការយកពន្ធលើមហាសេដ្ឋីរបស់អាមេរិក គឺស្របទៅនឹងផែនការរបស់លោក។

លោក Zucman បានបញ្ជាក់បន្ថែមថាការវាយតម្លៃលើចំនួនទ្រព្យសម្បត្តិ របស់មហាសេដ្ឋី នឹងមានលក្ខណៈសាមញ្ញ ព្រោះទ្រព្យសម្បត្តិភាគច្រើន ត្រូវបានកាន់កាប់ក្នុងទម្រង់ជាភាគហ៊ុន ហើយផែនការនេះ អាចត្រូវបានអនុវត្តន៍ដោយជោគជ័យ ទោះបីជាមានប្រទេសមួយចំនួន មិនចូលរួមយ៉ាងណាក្តី៕ប្រភព: The Guardian

LEAVE A REPLY

Please enter your comment!
Please enter your name here