សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយ៥លានដុល្លារ ដើម្បីពង្រឹងការអភិវឌ្ឍន៍អាងទន្លេមេគង្គ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារជំនួយអាមេរិក USAID បានចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីផ្តល់ជំនួយ៥លានដុល្លារសម្រាប់ភាពជាដៃគូថ្មីលើអាងទន្លេមេគង្គ ខណៈអាងទឹកដ៏ធំនៅលើពិភពលោកមួយនេះកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង។

គណៈកម្មការ MRC បានចាត់ទុកកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងការពង្រឹងការសម្របសម្រួលឆ្លងដែន និងការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ដែលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ។

កិច្ចព្រមព្រៀងនេះនឹងឧបត្ថម្ភធនធានយ៉ាងច្រើន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមលើការអភិវឌ្ឍន៍នៅក្នុងយុទ្ធសាស្ត្រអាទិភាព។ បន្ថែមពីនោះ វិធីសាស្រ្តនេះនឹងផ្តល់ជំនួយបច្ចេកទេសដល់បណ្តាប្រទេសជាសមាជិករបស់គណៈកម្មការ MRC ក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសម្រាប់ធ្វើការសម្រេចចិត្ត។

គណៈកម្មការទន្លេមេគង្គ បានអះអាងថា  ខ្លួនក៏គ្រោងកោះប្រជុំភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមពិភាក្សាគ្នា ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពទន្លេមេគង្គ។

លោក Steven Olive នាយកបេសកកម្មអភិវឌ្ឍន៍របស់ទីភ្នាក់ងារ USAID ប្រចាំតំបន់អាស៊ី បានកត់សម្គាល់ថា “ភាពជាដៃគូថ្មីនេះបានជំរុញការប្តេជ្ញាចិត្ត ក្នុងការបញ្ជូនមូលនិធិអភិវឌ្ឍន៍ដោយផ្ទាល់ទៅកាន់ដៃគូក្នុងស្រុក”។

លោក​បាន​មានប្រសាសន៍ឱ្យដឹងបន្ត​ទៀតថា “ការបង្កើតនូវភាពជាដៃគូតាមរយៈការចុះកិច្ចព្រមព្រៀងថ្មីនេះ ក៏​ស្រប​តាម​អាទិភាព​នៃ​ភាព​ជា​ដៃគូ​មេគង្គ​-​អាមេរិក ដើម្បី​គាំទ្រ​ស្វ័យភាព និង​កំណើន​ប្រកបដោយ​ចីរភាព​នៃ​អនុតំបន់​មេគង្គ”។

លោក Olive បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ទីភ្នាក់ងារ USAID បានប្តេជ្ញាចិត្ត ក្នុងការធ្វើជាដៃគូជាមួយថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសមេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ពន្លឿនការអភិវឌ្ឍន៍ប្រកបដោយចីរភាព កសាងភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច”៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here