ទីក្រុងហុងកុងកំពុងផ្សព្វផ្សាយទាក់ទាញអ្នកមានទេពកោសល្យជំនាញខ្ពស់ពីតំបន់អាស៊ាន និងបស្ចិមប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហុងកុងគ្រោងធ្វើពិពិធកម្មប្រភពទាក់ទាញមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពជំនាញខ្ពស់មកពីតំបន់អាស៊ាន និងតំបន់អឺរ៉ុប ខណៈនាពេលបច្ចុប្បន្ន ធនធានមនុស្សភាគច្រើននៅហុងកុងមានប្រភពមកពីតំបន់ចិនដីគោក។

យោងតាមស្ថិតិផ្លូវការចុងក្រោយបង្អស់បង្ហាញថា “បច្ចុប្បន្ន ចំនួនប្រជាជនដែលពុំមែនធ្វើដំណើរមកពីតំបន់ចិនដីគោក មានចំណែកត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ឬស្មើនឹង៤០.០០០នាក់ ដែលបានចូលរួមចុះឈ្មោះក្នុងកម្មវិធី Top Talent Pass Scheme របស់ទីក្រុងហុងកុង”។

កម្មវិធីនេះត្រូវបានដាក់ចេញនៅខែធ្នូ ឆ្នាំ២០២២ ដើម្បីទាក់ទាញមនុស្ស ដែលមានទេពកោសល្យខ្ពស់ មានបទពិសោធន៍ការងារច្រើន និងមានប្រវត្តិនៃការសិក្សាល្អៗមកពីជុំវិញពិភពលោក ដើម្បីចូលមកស្វែងរកឱកាសការងារនៅក្នុងទីក្រុងហុងកុង។ ធនធានមនុស្ស ដែលទីក្រុងហុងកុងចង់បាន រួមមាន អ្នកមានទេពកោសល្យដែលមានប្រាក់ចំណូលខ្ពស់ និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក។

លោក Chris Sun Yuk-han លេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាព បានលើកឡើងថា អាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកមានទេពកោសល្យមកពីបរទេស ដោយផ្តោតលើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម ព្រមទាំងអ្នកជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។

លោក Sun បានថ្លែងប្រាប់កាសែត South China Morning Post ក្នុងបទសម្ភាស៍មួយថា “យើងបានអនុវត្តន៍គម្រោងជាច្រើនក្នុងគោលបំណងដើម្បីទាក់ទាញ មិនត្រឹមតែអ្នកមានទេពកោសល្យមកពីតំបន់ចិនដីគោកប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏មានបំណងទាក់ទាញអ្នកមានទេពកោសល្យមកពីតំបន់អាស៊ាន និងតំបន់អឺរ៉ុបផងដែរ”។

លោកបានលើកជាឧទាហរណ៍ថា“ អ្នកមានទេពកោសល្យមកពីប្រទេសម៉ាឡេស៊ីអាចនិយាយបានទាំងភាសាអង់គ្លេស និងភាសាចិនកុកងឺ។ ដូច្នេះ ពួកគេមិនត្រឹមតែអាចជួយយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបង្កើតទំនាក់ទំនងជាមួយទីផ្សារអាស៊ានបានផងដែរ”។

លោក Sun បានពន្យល់ថា មូលហេតុដែលពលរដ្ឋចិនដីគោកបានសម្រុកមកដាក់ពាក្យចូលរួមនៅក្នុងកម្មវិធីខាងលើ គឺដោយសារតែ ពួកគេបានដឹងឮអំពីគោលនយោបាយថ្មីៗរបស់ទីក្រុងហុងកុង ព្រោះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយយ៉ាងព្រោងព្រៀត។ ប៉ុន្តែ តំបន់អាស៊ាន និងបស្ចិមប្រទេស ហាក់មិនសូវទទួលបានដំណឹងនេះគ្រប់គ្នានោះទេ”៕ប្រភព:SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here