ការគាំងបីប្រភេទកំពុងធ្វើឲ្យទីផ្សារអចលនទ្រព្យបន្តអូសបន្លាយក្នុងវិបត្តិរយៈពេលវែង

0

ដោយៈ ស៊ីវ ម៉េង

  ភ្នំពេញៈ កង្វះទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ភាពជាប់គាំងនៃលំហូរហិរញ្ញវត្ថុ ការរឹតបន្តឹងឥណទាន និងវិបត្តិលំហូរសាច់ប្រាក់ ក្នុងចំណោមប្រជាជនខ្មែរភាគច្រើន បាននិងកំពុងស្ថិតក្នុងសញ្ញាមិនច្បាស់លាស់ថា ទីផ្សារនឹងងើបឡើងនៅពេណា។

ការសងត្រលប់យឺតនៅតាមបណ្តាធនាគារ និងមីក្រូហិរញ្ញវត្ថុចន្លោះពី៥ទៅ៧ភាគរយ នៅត្រីមាសទី១ឆ្នាំនេះ កំពុងដាក់សម្ពាធទីផ្សារហិរញ្ញវត្ថុកាន់តែខ្លាំង ស្របពេលស្ថានភាពអចលនទ្រព្យ ដែលត្រូវការមូលធនដ៏ច្រើន ដើម្បីជម្រុញទីផ្សារឲ្យងើបឡើងវិញ ពិតជាស្ថិតក្នុងសភាពតានតឹង។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សាតអចលនទ្រព្យនៅបច្ចុប្បន្ន មិនមានតម្រូវការច្រើននោះទេ មានតែអ្នកទិញមួយៗ ជាហេតុធ្វើឲ្យទីផ្សារនេះមិនមានសញ្ញារះឡើងនៅឡើយទេ ព្រោះធនាគារមិនបញ្ចេញលុយ និងសេដ្ឋកិច្ចសកលមិនច្បាស់លាស់ បានធ្វើឲ្យអ្នកវិនិយោគមិនហ៊ានបញ្ចេញលុយ។

លោកបន្តថាអ្នកវិនិយោគកំពុងសម្ងំ អែរអង់ ដើម្បីរង់ចាំមើលស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រសើរឡើង

ជាមួយគ្នានេះ លោកឧកញ៉ាឃាង ពុទ្ឋី អនុប្រធាន សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារមិនទាន់មានភាពអំណោយផលទេ ដោយសារធនាគារឹតបន្តឹងហិរញ្ញវត្ថុ និងការជាប់បំណុលរបស់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេមិនបញ្ចេញលុយ ឬគ្មានលុយបញ្ចេញចូល ក្នុងទីផ្សារអចលនទ្រព្យជាថ្មីនៅឡើយ។

លោកបន្តថាស្ថានភាពអាចនឹងប្រសើរឡើង អាស្រ័យលើលំហូរមូលធនពីខាងក្រៅ ដែលរដ្ឋាភិបាលបាននិងកំពុងខិតខំ ដើម្បីទាក់ទាញការវិនិយោគ

ជាមួយគ្នានេះ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ទសវត្សរ៍មាស ដែលលោកបានលើកឡើង កាលពី១០ឆ្នាំមុន មិនទាន់ត្រលប់មកវិញ សម្រាប់ទីផ្សារអចលនទ្រព្យនៅឡើយទេ ស្របពេលសេដ្ឋកិច្ចប្រទេសចិន កំពុងស្ថិតក្នុងសភាពមិនច្បាស់លាស់ អចលនទ្រព្យប្រទេសនេះ កំពុងស្ថិតក្នុងវិបត្តិ និងវិនិយោគិន មកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗដទៃទៀត មិនទាន់សម្លឹងមកកាន់កម្ពុនៅឡើយ។

លោកបន្តថាប្រមុខរដ្ឋាភិបាលបានខិតខំហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ វាទាមទារកត្តារួមផ្សំជាច្រើន

លោកបន្ថែមថា ការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជានិយាយជារួម និងនិយាយដោយឡែក សម្រាប់វិស័យអចលនទ្រព្យ គឺមិនអាចពឹងតែសេដ្ឋកិច្ច ប្រទេសសាម៉ីបានទេ វាត្រូវពឹងផ្អែកខ្លាំងលើលំហូរទុនវិនិយោគពីបរទេស(FDI) ទើបសេដ្ឋកិច្ចរបស់ប្រទេសនោះមានភាពរីកចម្រើនលឿន៕

LEAVE A REPLY

Please enter your comment!
Please enter your name here