ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត់ (Emirates) នៃប្រទេសអារ៉ាប់រួម គ្រោងនឹងបើកជើងហោះហើរថ្មី ដើម្បីតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់រាជធានីបាងកកប្រទេសថៃ ដោយចាប់ពីដើមខែកក្កដា ឆ្នាំ២០១៩ ខាងមុខ ដើម្បីផ្តល់ជូនអតិថិជនទាំងអស់ នូវការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយជម្រើសជើងហោះហើរប្រចាំថ្ងៃកាន់តែច្រើន បន្ថែមលើការហោះហើរទៅកាន់គោលដៅជាង ១៥០កន្លែង នៅក្នុងប្រទេសចំនួន ៨៣។
នៅក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោក អាប់ឌុលឡា អេតណាន់ (Abdulla Adnan) នាយកក្រុមហ៊ុនអេមីរ៉ាត់ ប្រចាំប្រទសកម្ពុជា បានគូសបញ្ជាក់ថា «អេមីរ៉ាត់» ចង់ធ្វើឱ្យទីក្រុងឌុយបៃ ក្លាយជាវេទិកាតភ្ជាប់ប៉ែកខាងកើត ទៅកាន់ខាងលិច ហើយតាមរយៈជើងហោះហើរថ្មីនេះ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះធុនបូអីង ៧៧៧ និងអ៊ែបើស A៣៨០ ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ជាមួយបច្ចេកវិទ្យាទំនើប គ្មានទំនាញផែនដី។
ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ ចំពោះការបើកឱ្យមានជើងហើរថ្មី របស់ក្រុមហ៊ុនអេមីរ៉ាត់ ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៏។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម ដែលបានគាំទ្រ និងជួយសម្របសមួលការចូលរួមរបស់កម្ពជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ នាពេលខាងមុខ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា តាមរយៈពិព័រណ៍ពិភពលោកឌុយបៃឆ្នាំ២០២០ ប្រទេសទាំងពីរនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំសម្របសម្រួលរាល់គម្រោងវិនិយោគ ស្នើដោយរដ្ឋាភិបាល ឬវិនិយោគិន នៃប្រទេសអារ៉ាប់រួម។