តើគ្រួសារមហាសេដ្ឋីមួយរូបណាមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងប្រទេសថៃ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Chalerm Yoovidhya ម្ចាស់ក្រុមហ៊ុនផលិតភេសជ្ជៈគោជល់Red Bull និងសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់លោក បានប្រែក្លាយជាគ្រួសារអ្នកមាន ជាងគេបំផុតទី១នៅប្រទេសថៃ ដោយវ៉ាដាច់បងប្អូនត្រកូល Chearavanont

យោងតាមទស្សនាវដ្ដី Forbes Asia បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់គ្រួសារលោក Chalerm បានកើនឡើងចំនួន២,៦ពាន់លានដុល្លារ ដល់៣៦ពាន់លានដុល្លារនៅឆ្នាំនេះ។ ប្រភពដដែលបានបន្តថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Red Bull បានកើនឡើងលើសពី១១ពាន់លានដុល្លារ កាលពីឆ្នាំមុន ខណៈការលក់ភេសជ្ជៈគោជល់ នៅទូទាំងពិភពលោកសម្រេចបានចំនួនជាង១២ពាន់លានដប ឬកំប៉ុង។

ចំណែក បងប្អូនប្រុសត្រកូល Chearavanont ម្ចាស់ក្រុមហ៊ុនC.P.Group បានធ្លាក់ចុះមកនៅលំដាប់លេខរៀងទី២ បន្ទាប់ពីកាន់កាប់តំណែង ជាគ្រួសារអ្នកមានជាងគេបំផុតទី១ នៅប្រទេសថៃ អស់រយៈពេលជិតមួយទសវត្សរ៍កន្លងមក។ ទ្រព្យសម្បត្តិរបស់ពួកគេ បានធ្លាក់ចុះពី៣៤ពាន់លានដុល្លារ កាលពីឆ្នាំមុន មកនៅត្រឹម២៩ពាន់លានដុល្លារនៅឆ្នាំនេះ។

រីឯ លោក Charoen Sirivadhanabhakdi ម្ចាស់ក្រុមហ៊ុន Thai Beverage នៅតែរក្សាបានចំណាត់ថ្នាក់ទី៣ដដែល ដោយលោកមានទ្រព្យសម្បត្តិ ចំនួន១០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលធ្លាក់ចុះ៣,៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនឹងនេះ គ្រួសារត្រកូលChirathivat ម្ចាស់ក្រុមហ៊ុន Central Group រក្សាបានចំណាត់ថ្នាក់លេខ៤ ដោយគ្រួសារនេះ មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា ចំនួន៩,៩ពាន់លានដុល្លារធ្លាក់ចុះ២០% បើធៀបនឹងទ្រព្យសម្បត្តិ ចំនួន១២,៤ពាន់លានដុល្លារកាលពីឆ្នាំមុន។

ចំណែក លោក Sarath Ratanavadi មហាសេដ្ឋីខាងផ្នែកថាមពល និងទូរគមនាគមន៍ ដែលជាម្ចាស់ក្រុមហ៊ុនយក្ស Gulf Energy Development PCL រក្សាបានតំណែងទី៥ ដោយលោកមានទ្រព្យសម្បត្តិសរុប ចំនួន៩,២ពាន់លានដុល្លារ ធ្លាក់ចុះពី១១,៣ពាន់លានដុល្លារកាលពីឆ្នាំមុន៕ប្រភព:Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here