ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ស្វាគមន៍កញ្ចប់ថវិការបស់ រដ្ឋាភិបាលដើម្បីជម្រុញការផ្សព្វផ្សាយទេសចរណ៍

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមការងារឯកជន ក្នុងវិស័យទេសចរណ៍បានស្វាគមន៍ ការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិបាល ដើម្បីជម្រុញការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ក្រៅប្រទេស។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួនស៊ីណានបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១០កក្កដាកន្លងមកថាវាជាដំណឹងល្អមួយដែលរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា២៥លានដុល្លារហើយបើក្រសួងទេសចរណ៍យកថវិកាទាំងនោះមកប្រើជាប្រយោជន៍ពិតជាប្រសើរណាស់។

លោកបន្តថា “បើធៀបនឹងប្រទេសជិតខាង ទំហំថវិកាខាងលើនេះមិនច្រើននោះទេ តែអាចយកមកបម្រើប្រជាជន១៧លាននាក់ លើគោលដៅទេស​ចរណ៍២៥រាជធានី ខេត្ត គឺគ្រប់គ្រាន់ហើយ”។ លោកបន្តថា “អ្វីសំខាន់តើការប្រើប្រាស់លុយនោះដោយតម្លាភាពតាមវិធីណា និងធ្វើម៉េចឲ្យវាក្លាយគ្រាប់ពូជ​ស្តារវិស័យទេសចរណ៍ឡើងវិញ។ អ្វីទាំងអស់នោះវាអា​ស្រ័យលើ​ថ្នាក់ដឹកនាំនិមួយៗ ដែលមានតួនាទីក្នុងការប្រើប្រា​ស់ថវិកាទាំងនោះ ជាប្រយោជន៍សម្រាប់ប្រទេសជាតិ”។ លោកបន្ថែមថា “សម្រាប់ខ្ញុំសូមថ្លែងអំណរគុណ ដល់សម្តេចធិបតី ដែលលោកបានបើកទូលាយ ក្នុងការទម្លាក់ទុនបន្ថែម ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រោះកម្ពុជាបច្ចុប្បន្នស្ថិតក្នុងដំណា​ក់កាលគ្រោះថ្នាក់មួយ បើសិនជាយើងមិនយកចិត្តទុកដា​ក់ឲ្យបានទាន់ពេលវេលា និងមិនបានធ្វើតាមផែនការដែលយើងមានទេ វានឹងមានហានិភ័យខ្ពស់មែនទែន សម្រាប់កម្ពុជាយើង”។

ជាមួយគ្នានេះលោកហូវណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដែលបានចូលរួមកិច្ចប្រជុំផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីថ្ងៃទី៩កក្កដាបានមានប្រសា​សន៍សម្តែងការអបអរសាទរ និងគាំទ្រការបញ្ចេញកញ្ចប់ថវិការបស់រដ្ឋាភិ​បាល ដើម្បីជម្រុញការការងារទីផ្សារ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់បរទេស។

លោកបន្តថា “ខ្ញុំបានតស៊ូមតិលើការងារនេះ តាំងពីឆ្នាំ២០០៤កន្លងមក គិតមកទល់ពេលនេះ២០ឆ្នាំគត់ ទើបចេញលទ្ឋផល។ វាជាអ្វីដែលវិស័យឯកជនរីករាយ និងអបអរសាទរ”។ លោកបន្តថា “នៅក្នុងវិស័យនេះ មានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ រួមមានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយ ដើម្បីលើកកំពស់វិស័យទេស​ចរណ៍កម្ពុជា”។

បើតាមលោកហូវណ្ឌីបានឲ្យដឹងថាថវិកាទាំងនោះជាការបដិភាគពីរដ្ឋាភិបាលវិស័យឯកជនរួមមានក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនិងក្រុមហ៊ុនអាកាសចរណ៍ដែលទឹកប្រាក់សរុបមានចំនួន៥០លានដុល្លារសម្រាប់ប្រើប្រាស់នៅឆ្នាំ២០៤រហូតដល់ឆ្នាំ២០២៦ខាងមុខពោលគឺប្រើសម្រាប់រយៈពេល២ឆ្នាំ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយស៊ីវលីនបានបដិសេធមិនអត្ថាធិប្បាយដោយប្រាប់ថាការងារនេះជាការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ជាអ្នក​និយាយពីបញ្ហានេះ។

លោកឧកញ៉ាលូម៉េងសហប្រធានក្រុមការងារឯកជននិងរដ្ឋាភិបាលលើវិស័យទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងផងដែរថាទាក់ទងនឹងបញ្ហានេះមានការងារជាច្រើនដែលទាំងរដ្ឋាភិបាលនិងវិស័យឯកជនត្រូវសិក្សារួមគ្នាថាតើយើងត្រូវធ្វើការងារណាមុនព្រោះមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើប៉ុន្តែយើងត្រូវធ្វើកិច្ចការអាទិភាពជាមុន។

លោកបញ្ជាក់ថា “ ជាគោលការណ៍រដ្ឋាភិបាល បានឯកភា​ពបញ្ចេញថវិកា២៥លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ធ្វើកិច្ចការ​ងារនេះហើយ”។ លោកបន្តថា “បើសួរថាថវិកាប៉ុណ្ណឹងគ្រប់ឬមិនគ្រប់ វាអាស្រ័យលើវិសាលភាពកិច្ចការរបស់យើងថា យើងត្រូវធ្វើអ្វីខ្លះ និងធ្វើក្នុងវិសាលភាពធំប៉ុណ្ណា”។

លោកលូម៉េងបានបន្តថាយ៉ាងណាយើងពិតជាអរគុណ  ​សម្តេចធិបតី ដែលបានបញ្ចេញកញ្ចប់ថវិកានេះ ក្នុងខណៈពេលដែលរដ្ឋាភិបាល កំពុងកាត់បន្ថយការចំណាយមួយចំនួន។ លោកបន្តថា ការងារអ្វីដែលត្រូវធ្វើ សម្រាប់កិច្ចការងារនេះ នឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកសុខសូកេនមិនបានឆ្លើយតបនឹងសំណួរដើម្បីសុំការអត្ថាធិប្បាយតាមបណ្តាញតេឡេក្រាមនោះឡើយ៕


ចែករំលែក