ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងតែពិនិត្យមើលគម្រោងតេជោភូមិ១០០ “ TECHO ភូមិ១០០” ដើម្បីស្នើសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីយកគម្រោងនេះមកអនុវត្ត ដោយសារតែគម្រោងនេះល្អ ហើយស្របតាមគម្រោងភូមិគំរូរបស់ក្រសួង ដែលកំពុងតែអនុវត្តន៍ ប្រកបដោយជោគជ័យ អស់រយៈពេល១០ឆ្នាំមកហើយ។
ការពិនិត្យមើលគម្រោងតេជោភូមិ១០០ ត្រូវបានធ្វើឡើងក្រោយពីមានជំនួបមួយរវាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន និង លោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភាស្តីពី អំពីគម្រោងតេជោភូមិ១០០ កាលពីពេលថ្មីៗនេះ។
-->
គម្រោងតេជោភូមិ១០០នេះ ជាគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលមានភាពខុសប្លែកពីគេតែមួយគត់ ដែលធ្វើឡើងតាមតម្រូវការ និងសក្តានុពលរបស់ភូមិនីមួយៗ។ ក្នុងគំរោងនេះ មានប្រើប្រាស់វិធីសាស្ត្រអភិវឌ្ឍន៍ជនបទ តាម People-Based Place-Centre (PBPC) ដោយយកវប្បធម៌ និងគំនិត TECHO ជាស្នូល។
វិធីសាស្ត្រអភិវឌ្ឍន៍ជនបទ តាមបែប PBPC សំដៅលើការអភិវឌ្ឍដែលកៀរគរ និងប្រើប្រាស់ សក្តានុពលនៃធនធានក្នុងស្រុក រួមទាំងធនធានធម្មជាតិ និង ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយផ្អែកលើផលប្រយោជន៍ របស់ប្រជាជន សក្តានុពលកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅនឹងកន្លែង។

លោក សួស យ៉ារ៉ា មានប្រសាសន៍ថា គម្រោងនេះមានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសហគមន៍ជនបទ តាមរយៈភាពជាអ្នកដឹកនាំមូលដ្ឋាន ប្រកបដោយភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នានៅទូទាំង២៥ រាជធានី–ខេត្តនៅកម្ពុជា ក្រោមក្របខ័ណ្ឌការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើន និងកម្មវិធីភាពជាដៃគូសាធារណៈ ឯកជន និងប្រជាជន (Public Private People Partnership)។
លោករដ្ឋមន្រ្តីបន្តថា ការបន្ដការអនុវត្តគម្រោងតេជោភូមិ១០០ ជាការចូលរួមចំណែកបន្ថែមទៀត លើការអភិវឌ្ឍភូមិចម្រុះ ការអភិវឌ្ឍភូមិសន្ដិភាព និងការអភិវឌ្ឍភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តន៍ នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា។
លោកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងកំពុងតែពិនិត្យមើលលើគម្រោងនេះ មុននឹងដាក់សំណើរសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីយកគម្រោងនេះមកអនុវត្ត។ ការរៀបចំតេជោភូមិ១០០ នេះយ៉ាងហោចណាស់ក៏មាន២ភូមិដែរ ក្នុងខេត្តនីមួយៗ។

លោកបានបញ្ជាក់ថា “អ្វីដែលជាគុណសម្បត្តិ គុណតម្លៃរបស់តេជោភូមិ១០០ មានលក្ខណៈស្របជាមួយនឹងភូមិគំរូ”។
លោករដ្ឋមន្រ្តីនឹងស្នើសុំគោលការណ៍ ឯកភាពពីរដ្ឋាភិបាល ដើម្បីសុំគម្រោងនេះ មកជាគម្រោងរបស់ក្រសួង។ ប៉ុន្តែឥឡូវនេះ កំពុងពិនិត្យមើលគម្រោង និងត្រៀមរៀបចំមើលថា ពេលទទួលបានគម្រោង ត្រូវអនុវត្តន៍យ៉ាងណា ដើម្បីរក្សានូវនិរន្តរភាពរបស់គម្រោងឱ្យបានល្អ ហើយនិងអភិវឌ្ឍន៍ទៅមុខបន្តទៀត។
លោកឆាយ ឬទ្ឋីសែនបានបញ្ជាក់ថា “ចំពោះការងារនេះ មិនបង្អង់រងចាំពេលយូរទេ កំពុងតែរៀបចំទៅហើយ”៕