ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlineនឹងភ្ជាប់ជើងហោះហើរមកកាន់រាជធានីភ្នំពេញ នៅខែតុលាខាងមុខ

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍វៀតណាម អ៊ែរឡាញ (Vietnam Airline) បាន​ប្រកាស​បើក​ជា​ផ្លូវការ ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​អាកាសចរណ៍នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ ជាមួយ​ដៃគូ​សំខាន់ៗ ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័​យ​អាកាសចរណ៍ និង​ទេស​ចរណ៍​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកសុខ សូកេនបាន​មាន​ប្រសាសន៍ ​ក្នុង​ពេល​បើក​សម្ពោធ​ជើង​ហោះហើរ​​ថា លោក​ពិត​ជា​មាន​សេចក្តីសោមនស្ស​រីករាយ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក ​ជើង​ហោះហើរ​ហាណូ​យ–ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការយោគយល់​ សម្រាប់​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា–វៀតណាម “ប្រទេស​ពីរ គោលដៅ​មួយ” ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នាពេលនេះ។

លោកបាន​អបអរសាទរ ​ចំពោះ​ការ​បើក​ឱ្យ​មាន​ជើង​ហោះហើរ​តភ្ជាប់​រវាង​ទីក្រុង​ទាំងពីរ និងការ​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន Vietnam Airline JSC សមាគម​ទេសចរណ៍​កម្ពុជា (CATA) និង​ក្រុមហ៊ុន​ទេសចរណ៍ Saigon Tourist Group។

ជើង​ហោះហើរ​ថ្មី​នេះ ​នឹង​ចាប់​ផ្ដើម​បើក​ដំណើរការ​នៅ​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ​២០២៤ ដែល​មាន​ការ​ហោះហើរ​ចំនួន៤ជើង​ក្នុង​មួយ​សប្ដាហ៍​រៀងរាល់​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ ដោយ​​ប្រើ​​ប្រាស់​យន្តហោះ Airbus A321​។

នាបច្ចុប្បន្ន​នេះ អ្នក​ដំណើរ​ពី​ទីក្រុង​ហាណូយ ទៅ​រាជធានី​ភ្នំពេញ ​ត្រូវ​ផ្លាស់ប្តូរ​ជើង​យន្តហោះ ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេ​ស​ឡាវ តាម​រយៈ​សេវាកម្ម​អាកាសចរណ៍​ឥណ្ឌូចិន។

ជើង​ហោះហើរ​ថ្មី​នេះ នឹង​នាំ​ឱ្យ​ចំនួន​ការ​ហោះហើរ​​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា កើនឡើង​ចំនួន​ប្រាំ​ជើង​នៅ​ចុងខែ​តុលា​នេះ គិត​រួម​ទាំង​ការ​​ហោះហើរ​ត្រង់​ចំនួន​បួន​គឺ ហាណូយ ​-ហូជីមិញ​-ភ្នំពេញ និងហាណូយ​-ហូជីមិញ​-សៀម​រាប ព្រម​ទាំង​ជើង​ហោះហើរ​មួយ​​ទៀត​ ជាមួយ​ឥណ្ឌូចិន​។ ចំនួន​ការ​​ហោះហើរ​សរុប ​រវាង​ប្រទេស​ទាំងពីរ ​នឹងឡើង​​ដល់ ៨៦ដងក្នុង​មួយ​សប្តាហ៍​។

ជើងហោះហើរ​ថ្មី​នេះ ត្រូវ​បាន​រំពឹងទុក​ថា ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​មាន​បំណង​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ រួមមាន​ប្រទេស​ជប៉ុន កូរ៉េ និង​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ដោយសា​តែមាន​​ជើង​​ហោះហើរ​ច្រើន និង​ពេលវេលា​ផ្លាស់​ប្តូរ​ជើង​យន្តហោះ​កាន់​តែ​ងាយស្រួល​។​

លោកដាង ង៉ុកហៅ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ បាន​មានប្រសាសន៍​ថា ជើង​ហោះហើរ​​ត្រង់​ថ្មី​នេះ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ផ្តល់​នូវ​ទំនាក់ទំនង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ឡើង ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា។

លោកបញ្ជាក់ថា “ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម​អ៊ែរឡាញ បាន​ប្តេជ្ញា​ចិត្ត​ ក្នុងការ​ផ្តល់នូវ​ប្រតិបត្តិ​ការ ប្រកប​ដោយសុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​សេវាកម្ម​ ក្នុងប្រទេ​ស​​កម្ពុជា”។

លោកង៉ុកហៅ បាន​បន្តទៀតថា យើង​នឹង​បន្ត​ពង្រីក​បណ្តាញរបស់​យើង បង្កើន​កិច្ចសហប្រតិបត្តិ​ការ ធ្វើឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់នូវ​សេវាកម្ម​ដែល​មាន​គុណភាព​ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នកដំណើរ។ គោលដៅ​របស់​យើង​ គឺ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រម​ទាំង​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ៕


ចែករំលែក