ដោយៈ គង់ សូរិយា
សៀមរាបៈ ទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោបាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មានជាផ្លូវកង់ ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ប្រវែង២៤.៥០គីឡូម៉ែត្រសម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។

-->
ក្រោយការបង្កើតឱ្យមានជាផ្លូវកង់នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្នផ្លូវកង់នៅតែមានភាពទាក់ទាញនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ទេសចរដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្តដែលមានសំឡេងរំខានឬផ្សែងបំពុលបរិស្ថានអាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។

មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាព ព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរ យ៉ាងសប្បាយរីករាយ៕
