ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកForbes ចុះផ្សាយអត្ថបរៀបរាប់អំពីសម្បត្តិបេតិកភណ្ឌទេសចរណ៍នៅរាជធានីភ្នំពេញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: Forbes ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយ ដោយរៀបរាប់អំពីភាពអច្ឆរិយៈ របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជា តាមរយៈសម្បត្តិបេតិកភណ្ឌនានា របស់ប្រទេសជាប់ដងទន្លេមេគង្គទាំង២នេះ។

សម្រាប់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជា ទិដ្ឋភាពផ្សារអណ្តែតទឹកនៅតាមទន្លេមេគង្គ ភូមិរបស់អ្នកស្រុក ដែលអាចធ្វើដំណើរចូលទៅដល់ តាមរយៈទូកដ៏ចម្លែក ច្រកចូលទន្លេរដ៏ស្ងប់ស្ងាត់ និងប្រាសាទប្រវត្តិសាស្ត្រ សុទ្ធតែរួមចំណែក ដល់បទពិសោធន៍ដំណើរកំសាន្តដ៏ពិសេសរបស់ភ្ញៀវទេសចរណ៍។ 

តាមរយៈបេសកកម្ម និងកម្មវិធីដែលផ្តល់ជូនដោយក្រុមហ៊ុននាវាទេសចរណ៍ Heritage Line ភ្ញៀវទេសចរណ៍អាចជ្រួតជ្រាបវប្បធម៌ដ៏អស្ចារ្យ នៃទន្លេមេគង្គ។ តួយ៉ាង ការជិះរទេះគោតាមវាលស្រែ ការរៀនត្បាញសូត្រជាមួយសិប្បករ ក្នុងស្រុក និងការតាំងសមាធិ ជាមួយព្រះសង្ឃនៅក្នុងវត្តអារាមខ្មែរ គឺជារសជាតិដំណើរកម្សាន្តពិតប្រាកដ និងដ៏សម្រិតសម្រាំងរបស់ក្រុមហ៊ុន Heritage Line ដើម្បីនាំភ្ញៀវទេសចរណ៍របស់ខ្លួនឱ្យខិតកាន់តែជិតវប្បធម៌ ដែលពួកគេមានបំណងចង់ស្វែងយល់។

ទេសភាពដ៏ស្រស់ស្អាតលេចធ្លោនៅកម្ពុជា រួមមាន បឹងដ៏ធំល្វឹងល្វើយដូចជា បឹងទន្លេសាប ប្រព័ន្ធទន្លេរបាសាក់ និងទន្លេរមេគង្គ ដែលជាទន្លេវែងជាងគេទី៣ នៅទ្វីបអាស៊ី ដែលហូរឆ្លងកាត់ប្រទេសកម្ពុជា ពីទិសខាងជើងទៅទិសខាងត្បូង។ បន្ទាប់មក ទន្លេរនេះហូរកាត់ប្រទេសវៀតណាម និងហូរកាត់តំបន់ទំនាបត្រូពិក នៃដីសណ្ដទន្លេមេគង្គ បន្ទាប់មកហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង។

ការធ្វើដំណើរកំសាន្តតាមដងទន្លេរមេគង្គ ខាងក្រោមរួមមាន បទពិសោធន៍ប្លែកៗ និងភាពទាក់ទាញជាច្រើន ដែលផ្តោតលើការអប់រំ និងការគាំទ្រសហគមន៍មូលដ្ឋាន។ ការរៀបចំដំណើរកម្សាន្តតាមដងទន្លេរមេគង្គ រយៈពេល៧យប់របស់ក្រុមហ៊ុននាវាទេសចរណ៍ Heritage Line រួមបញ្ចូលគ្នានូវគោលដៅដែលភ្ញៀវកម្របានទៅទស្សនា គួបផ្សំជាមួយនឹងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រដ៏អស្ចារ្យ។

អ្នកធ្វើដំណើរតាមរយៈក្រុមហ៊ុនខាង លើអាចស្វែងយល់អំពីវប្បធម៌បេតកភណ្ឌ របស់ប្រទេសវៀតណាម ដូចជា ការទស្សនាទីក្រុង Cai Be ដើម្បីស្វែងយល់ពីការផលិត នំបាញ់ត្រាង ស្រាអង្ករ និងការផលិតស្ករគ្រាប់ដូង និងដើរភ្លក់ផ្លែឈើតាមចំការរបស់គ្រួសារអ្នកស្រុក រស់នៅលើកោះ Tan Phong

ភ្ញៀវទេសចរណ៍ ក៏អាចស្វែងយល់បន្ថែម អំពីសាសនានៅតាមដងទន្លេមេគង្គ និងជួបជាមួយបូជាចារ្យនៅប្រាសាទ Cao Dai។ នៅទីក្រុង Tan Chau អ្នកដំណើរអាចជិះរ៉ឺម៉ក កម្សាន្តតាមបណ្តាញផ្លូវនានា ដើម្បីស្វែងយល់អំពីការលក់ដូរតាមដងផ្លូវ ហាងនានា និងសកម្មភាពប្រចាំថ្ងៃ ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រុក។

លើសពីនេះ ភ្ញៀវទេសចរណ៍អាចបន្តដំណើរកំសាន្តរបស់ខ្លួនមកកាន់រាជធានីភ្នំពេញ។ ថ្វីត្បិតតែរាជធានីភ្នំពេញមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សយ៉ាងណាក្តី ក៏ទីក្រុងមួយនេះនៅតែអាចរក្សាបាននូវភាពទាក់ទាញ និងភាពឆើតឆាយជាច្រើន។ 

ទីក្រុងភ្នំពេញគឺជាទីក្រុងដ៏អស្ចារ្យមួយ ដែលមានទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌រាប់សតវត្សកន្លងមកហើយ ដែលបន្សល់ទុកភស្តុតាងនៅគ្រប់ជ្រុងផ្លូវ។ ភ្ញៀវទេសចរណ៍អាចចាប់ផ្តើមដំណើរកំសាន្ត នៅរាជធានីភ្នំពេញ ជាមួយនឹងការជិះស៊ីក្លូ ការធ្វើដំណើរកាត់ទីក្រុង និងការទស្សនាកន្លែងប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង និងវត្តព្រះកែវមរកតជាដើម។ 

ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍អាចស្រស់ស្រូបអាហារថ្ងៃត្រង់ នៅក្នុងទីក្រុងភ្នំពេញ មុនពេលបន្តទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយគឺ សារមន្ទីរព្រះស្រីឦសានវរ្ម័ន (..) ហើយភ្ញៀវទេសចរណ៍ អាចបញ្ចប់ដំណើរកម្សាន្តរបស់ខ្លួន តាមរយៈការដើរទស្សនាសំណង់អគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ដែលបន្សល់ទុកចាប់តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ៕ប្រភព: Forbes

LEAVE A REPLY

Please enter your comment!
Please enter your name here