រដ្ឋាភិបាលថៃកំពុងរិះរកម៉ាសុីនជំរុញសេដ្ឋកិច្ចថ្មី ក្រោយក្តីសុបិនចង់ក្លាយជាខ្លា​សេដ្ឋកិច្ចទី​៥របស់​តំបន់អាស៊ីបានបរាជ័យ

0

បាងកក: កាល​ពី​៤០​ឆ្នាំ​មុន ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញឧស្ម័ន​ធម្មជាតិ​នៅ​ឈូង​សមុទ្រ​ថៃ ដែលនាំឱ្យមានការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៅភាគខាងកើតនៃប្រទេសថៃ និងបានទាក់ទាញការ​វិនិយោគ​បរទេស​យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតធ្វើ​ឱ្យ​​ប្រទេស​ថៃ​សង្ឃឹមថា ខ្លួននឹង​អាចក្លាយ​ជា​ខ្លា​សេដ្ឋកិច្ចទី​៥របស់​តំបន់អាស៊ី។

ប៉ុន្តែ ក្តីសុបិននេះបានរលាយបាត់ទៅវិញដោយសារថៃជួបប្រទះអស្ថិរភាពនយោបាយផ្ទៃក្នុងប្រទេស និងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចមិនបានល្អប្រសើរ បូករួមទាំងការផ្ទុះឡើងនូវវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៧។

វិបត្តិនេះត្រូវបានបង្កឡើងដោយសារតែស្ថាប័នហិរញ្ញវត្ថុថៃបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនលើសលប់ជ្រុល និងការធ្វើសេរីភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យធនាគារពាណិជ្ជអាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកប្រកបអាជីវកម្ម។

លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធចំណុះក្រោមក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា “ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ១៩៩៧-១៩៩៨ ទំហំវិនិយោ គសរុបរបស់វិស័យសាធារណៈ និងឯកជនបានធ្លាក់ចុះក្រោម២៥% នៃផលទុនជាតិសរុប”។

ផលធៀបរវាងទំហំទុនវិនិយោគឯកជន និងទំហំផលទុនជាតិសរុប(GDP) បានហក់ឡើងដល់កម្រិតកំពូល៤១% ក្នុងឆ្នាំ១៩៩៥ និងបានធ្លាក់ចុះមកត្រឹម១៨% នៅឆ្នាំ២០២៣។

ចំណែក ផលធៀបរវាងទំហំទុនវិនិយោគសាធារណៈ និងទំហំ GDP បានកើនឡើងដល់១៣% ក្នុងឆ្នាំ១៩៩៧ ប៉ុន្តែចាប់តាំងពីពេលនោះមក អត្រានេះបានធ្លាក់ចុះជាលំដាប់មកនៅត្រឹម៦%ប៉ុណ្ណោះ នៅឆ្នាំ២០២៣។

ក្នុងន័យនេះ លោក Pornchai បានសង្កត់ធ្ងន់ថា ប្រទេសថៃត្រូវតែពន្លឿនការជំរុញលំហូរទុនវិនិយោគដើម្បីស្តារសេដ្ឋកិច្ច និងដោះស្រាយបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលបានអូសបន្លាយអស់រយៈពេលយូរជាច្រើនទសវត្សរ៍កន្លងមកនេះ។

បើយោងតាមលោក Pornchai បានឱ្យដឹងថា ក្បាលម៉ាស៊ីនសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសថៃ ពឹងផ្អែកលើ ការប្រើប្រាស់ឯកជនដែលមានចំណែក៥៩%នៃផលទុនជាតិសរុប ខណៈការវិនិយោគទាំងវិស័យឯកជន និងវិស័យសាធារណៈក្តោបបានចំណែក២៤%នៃផលទុនជាតិសរុប។

លោក​បាន​ឱ្យដឹងបន្ត​ថា​ “យើងចាំបាច់​ត្រូវ​ធ្វើពិពិធកម្ម​ការ​វិនិយោគ​របស់​យើង​ឆ្ពោះ​ទៅ​រក​ម៉ាស៊ីន​កំណើនសេដ្ឋកិច្ចថ្មី​ដែល​រួម​មាន​វិស័យ​មួយចំនួន ដូចជា​វិស័យកសិកម្ម អាហារ និង​ជីវបច្ចេកវិទ្យា ការថែទាំ​សុខភាព ព្រមទាំងវិស័យរថយន្ត និង​គ្រឿងចក្រជាដើម”។

លោក Pornchai បានបញ្ជាក់បន្ថែមថា កាលពីអតីតកាល និងរហូតមកដល់បច្ចុប្បន្នកាល ប្រទេសថៃបានបោះទុនវិនិយោគលើគម្រោងធំៗជាច្រើន។

គម្រោងសំខាន់ៗរួមមាន អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៦០ និងបានបើកដំណើរការក្នុងឆ្នាំ២០០៥ ព្រមទាំងការបង្កើតកម្មវិធីអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសក្នុងឆ្នាំ១៩៨២ គម្រោងរថភ្លើងអគ្គិសនីនៅទីក្រុងបាងកក និងបណ្តាខេត្តជុំវិញ ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៩០ និងបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ គម្រោងដឹកជញ្ជូនល្បឿនលឿនរហ័ស(Mass Rapid Transit) បានចាប់ផ្តើមស្ថាបនាដំបូងនៅឆ្នាំ១៩៩៧ និងបាននិងកំពុងបន្តដំណើរការហូតដល់សព្វថ្ងៃ។

ចំណែក គម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានចាប់ផ្តើមនៅឆ្នាំ២០១៨ ក្រោមទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន៦៥០ពាន់លានបាត និងគម្រោង Land Bridge ដែលត្រូវការទុនវិនិយោគប្រហែល១ទ្រីលានបាត៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here