អន្តរជាតិ: ទស្សនាវដ្ដី Lonely Planet ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានដាក់បញ្ចូលខេត្តសៀមរាបរបស់កម្ពុជាទៅក្នុងបញ្ជីគោលដៅល្អបំផុតទាំង៧ នៅតំបន់អាស៊ានសម្រាប់អ្នកចូលចិត្តធ្វើដំណើរបែប Solo។
ទស្សនាវដ្តីខាងលើបានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតដូចជាប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី អាចវ៉ាដាច់អ្វីៗទាំងអស់ដែលខេត្តសៀមរាបមាន។ ទីផ្សារសិប្បកម្មតូចៗ និងកន្លែងទទួលទានអាហារតាមដងផ្លូវ ផ្តល់នូវទិដ្ឋភាពពិតប្រាកដអំពីប្រជាជន ដែលបានរស់នៅក្នុងស្រមោលតំបន់បេតិកភណ្ឌ។
ជាមួយគ្នានេះដែរ ម្ចាស់ហាង ឬអ្នកបើកបររ៉ឺម៉កកង់៣នៅខេត្តសៀមរាប បានផ្តល់សេវាកម្ម និងប្រើប្រាស់វិធីសាស្ត្រទាក់ម៉ូយដ៏ទន់ភ្លន់ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍អាចបដិសេធបានយ៉ាងងាយស្រួល។
-->
តួយ៉ាង នៅឯផ្សារចាស់ក្នុងទីក្រុងសៀមរាប អ្នកធ្វើដំណើរបែប Solo អាចជ្រើសរើសសេវាកម្មណាមួយ ដែលពួកគេពេញចិត្តបានយ៉ាងស្រួល ហើយប្រសិនបើពួកគេចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដំណើរផ្សេងទៀត នោះនៅពេលល្ងាច ភោជនីយដ្ឋាន និងបារជាច្រើននៅតំបន់ Pub Street គឺជាគោលដៅដ៏ល្អសម្រាប់ការដើរលេងកំសាន្ត ដោយសារមានភ្ញៀវទេសចរណ៍មកជួបជុំគ្នា បន្ទាប់ពីដើរទស្សនាប្រាសាទអស់ពេញមួយថ្ងៃ។
លើសពីនេះ ខេត្តសៀមរាបផ្តល់ឱកាសជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅឱ្យសហគមន៍វិញ ដូចជា រោងសម្តែងសិល្បៈ ភោជនីយដ្ឋាន រមណីយដ្ឋានបែបធម្មជាតិ ដែលអាចបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក។
ក្នុងនោះ មជ្ឈមណ្ឌលសម្តែងសិល្បៈដ៏ធំ Phare Circus បានផ្តល់មូលនិធិដល់ការអប់រំសម្រាប់កុមារក្រីក្រ។ រីឯភោជនីយដ្ឋាន Haven បានផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃសម្រាប់មនុស្សវ័យជំទង់ ដើម្បីបង្កើនឱកាសការងាររបស់ពួកគេ ខណៈរមណីយដ្ឋានបឹងផ្កាឈូក Lotus Farm បានផ្តល់ការងារ និងប្រាក់ឈ្នួលសមរម្យដល់ស្ត្រី និងកសិករក្នុងស្រុក។
ចំណែក គោលដៅល្អបំផុតចំនួន៦ផ្សេងទៀតសម្រាប់អ្នកធ្វើដំណើរបែប Solo រួមមាន ប្រទេសសិង្ហបុរី រដ្ឋ Penangនៃប្រទេសម៉ាឡេសុី ទីក្រុងដាណាង និងទីក្រុងហាណូយនៃប្រទេសវៀតណាម ទីក្រុងបាងកកនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ឌូនេសុី៕ប្រភព: Vnexpress៕
ដោយ: គង់ លាងហួរ