ភ្នំពេញៈ ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណ នៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតា ដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាត ទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។

លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុល ខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិច នៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។
លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។
ដូចគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារ ជួសជុលប្រាសាទបុរាណ ប្រមាណជិត១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញ ប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕






