ភ្នំពេញៈ សកម្មភាពកម្សាន្ដនៅទីឋានវប្បធម៌ Temple Run បានទាក់ទាញការចង់ដឹង ចង់សាក របស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

ដោយបានបំផុសគំនិត ពីហ្គេមទូរសព្ទ័ចល័តដ៏ពេញនិយមTemple Run អ្នកទស្សនាកំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកបទពិសោធន៍ Temple Run ពិតៗនៅប្រាសាទបុរាណនៃប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។
-->

និន្នាការថ្មីនេះ កំពុងជំរុញវិស័យទេសចរណ៍របស់កម្ពុជា ដោយបង្ហាញពីបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេស និងផ្តល់នូវវិធីដ៏រំភើបមួយ ក្នុងការរុករកទីតាំងប្រវត្តិសាស្ត្ររបស់ខ្លួន។
Temple Run បង្កើតឡើងដោយ Imangi Studios គឺជាហ្គេមរត់មិនចេះចប់ ដែលអ្នកលេងគ្រប់គ្រងអ្នករត់ ដែលត្រូវតែគេចពីសត្វស្វាបិសាច បន្ទាប់ពីលួចរូបព្រះពីប្រាសាទ។
ជាមួយនឹងការដោនឡូតច្រើន ជាងមួយពាន់លានចាប់តាំងពីការចេញផ្សាយរបស់ខ្លួន ក្នុងឆ្នាំ២០១១ ហ្គេមនេះបានក្លាយជាមូលដ្ឋានវប្បធម៌មួយ ដែលត្រូវបានបំផុសគំនិតដោយខ្សែភាពយន្តផ្សងព្រេង ដូចជា Indiana Jones និង Tomb Raider ជាដើម។
នៅប្រទេសកម្ពុជា ប្រាសាទបុរាណដែលហ៊ុំព័ទ្ធដោយព្រៃព្រឹក្សា អាចស្រមៃឃើញពីជីវិតពិត នៃល្បែងកម្សាន្ដ Temple Run។
ទោះបីជាមិនមានព្រឹត្តិការណ៍ “Temple Run” ជាផ្លូវការនៅកន្លែងទាំងនេះក៏ដោយ ក៏អារម្មណ៍នៃការដើរកម្សាន្ត តាមប្រាសាទបុរាណអាចធ្វើឱ្យភ្ញៀវទេសចរជាប់ចិត្ដ។
យោងតាមវីដេអូបង្ហោះដោយ Unemployedginge នៅលើ TikTok បានឱ្យដឹងថា ការបង្ហាញដ៏គួរឱ្យទាក់ទាញមួយនេះ ត្រូវបានចែករំលែកដោយជនបរទេស នៅប្រាសាទអង្គរវត្ត ដោយលាយឡំនឹងភាពរំភើប នៃដំណើរផ្សងព្រេងដែលបំផុសគំនិតដោយហ្គេម Temple Run ជាមួយនឹងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។
ការធ្វើដំណើរដ៏ពិសេសនេះ តាមរយៈវិមានសាសនាដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាញពីភាពស្រស់ស្អាតដ៏អស្ចារ្យនៃប្រាសាទប្រវត្តិសាស្ត្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សរតនសម្បត្តិបែបនេះ។
នៅពេលដែលអ្នករត់បានរុករកផ្លូវដ៏ស្មុគស្មាញ ដោយលោតពីលើឧបសគ្គថ្នមៗ និងយកចិត្តទុកដាក់ បុរសនៅក្នុងវីដេអូ បានសម្ដែងឱ្យអ្នកទស្សនា បានឃើញនូវទីតាំងបុរាណទាំងនេះដោយការគោរព។
ការបង្ហាញនេះបញ្ជាក់ពីសក្ដានុពល ទេសចរណ៍របស់កម្ពុជា ដោយបានទាក់ទាញអ្នកធ្វើដំណើរ មកទទួលយកបទពិសោធន៍នៃប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទេសភាពដ៏អស្ចារ្យរបស់កម្ពុជា។
ការបង្ហោះ TikTok ថ្មីៗនេះដោយអ្នកប្រើប្រាស់ឈ្មោះ @emiliabfantoni បង្ហាញពីការរត់ក្នុងប្រាសាទពិតៗ ដែលទទួលបានការមើលជាង១,១ លានដង។
ការបង្ហោះបានទទួលមតិជាច្រើនពីអ្នកទស្សនា ដោយបង្ហាញពីក្តីរំភើប និងកោតសរសើរ ចំពោះប្រាសាទបុរាណរបស់ប្រទេសកម្ពុជា។
@Thon bunleap បានសរសេរថា “អរគុណច្រើនដែលបានមកកម្ពុជា យើងស្វាគមន៍ភ្ញៀវជានិច្ច”។
@NøgenDitte123 បានបញ្ចេញមតិថា “ខ្ញុំទើបតែដឹងថា Angor Rot របស់Trollhunters យកលំនាំតាមប្រាសាទអង្គរវត្ត”។
@joelescobar6315 បានចែករំលែកថា “ខ្ញុំបានទៅទីនោះប្រហែល៣ថ្ងៃមុនហើយ”។ វាជាកន្លែងដ៏ស្រស់ស្អាត និងអស្ចារ្យណាស់។ បានឃើញសត្វស្វា និងប្រាស្រ័យទាក់ទងជាមួយពួកវា។ វាជាកន្លែងដែលអ្នកទេសចរត្រូវតែទៅ”។
@sothearoth528 បានណែនាំថា កុំលោតលើថ្មក្បែរដើមឈើ អ្នកអាចបំផ្លាញវាបាន។
@Sorya Phal បានបន្ថែមថា អ្នកអាចទៅប្រាសាទបឹងមាលា អ្នកនឹងចូលចិត្តលេងនៅទីនោះ វាមើលទៅអស្ចារ្យជាងនេះទៅទៀត។
@Jalamy L. FIT BEYOND FIFTY បានសរសេរថា អស្ចារ្យណាស់! ខ្ញុំមកពីរបីសប្តាហ៍ទៀត និងធ្វើវីដេអូនៅទីនោះ ដើម្បីផ្សព្វផ្សាយទេសចរណ៍ នៅប្រទេសកម្ពុជាដ៏ស្រស់ស្អាត។
បន្ថែមពីលើការភ្ញាក់ផ្អើល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កញ្ញា Angelina Dougherty ជាម្ចាស់មកុដបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកអាមេរិកឆ្នាំ២០២៣ បានចូលរួមក្នុងលេងល្បែងកម្សាន្ដនេះ ដោយទាក់ទាញការមើលជាង៣៤,០០០ នៅលើគណនី TikTok របស់កញ្ញា។
កញ្ញា Angelina ដែលតំណាងឱ្យបវរកញ្ញាខ្មែរ- អាមេរិកាំង បានបង្ហាញសកម្មភាព ក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងការសម្តែងរបាំអប្សរាប្រពៃណី។
ការចូលរួមនៅក្នុងលេងល្បែងនេះ បានបង្ហាញពីភាពស្រស់ស្អាត និងសារៈសំខាន់នៃវប្បធម៌ នៃប្រាសាទនានារបស់កម្ពុជា។
ជាមួយនឹងប្រាសាទដ៏គួរឱ្យស្ញប់ស្ញែង ទេសភាពខៀវស្រងាត់ និងការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក៕