ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចកំពុងវិវត្តន៍យ៉ាងដូចម្តេច?

0

  ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីនៅមិនទាន់កើនឡើងនៅឡើយទេ ស្របពេលលំហូរទុនវិនិយោគ ផ្ទាល់ពីបរទេសនៅមានកម្រិត។

        អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ បើយើងសង្កេតនៅក្នុងទិដ្ឋភាពជំនួញ និងលំហូរវិនិយោគ យើងឃើញថា មិនទាន់ទុនណាមួយត្រូវបានចាក់ចូលក្នុងវិស័យអចលនទ្រព្យ ឲ្យមានការប្រែប្រួលនៅឡើយទេ។  លោកបន្តថា “តាមពិតនៅតាមបណ្តាខេត្ត វាមានបញ្ហាប្រឈមមួយខ្ពស់ជាងរាជធានីភ្នំពេញ ក៏ដូចជាតំបន់ជុំវិញ ព្រោះស្ថានភាពនៃការទិញ លក់ដីនៅតាមបណ្តាខេត្ត មានការ ធ្លាក់ចុះខ្លាំង”។ លោកបន្តថា “ក្នុងករណីមានការលក់ប្រញាប់ ដោយពាក់ព័ន្ឋធនាគារជាដើម គឺអាចមានការលក់បាន ក្នុងករណីអចលនទ្រព្យ មានតម្លៃក្រោមទីផ្សារខ្លាំង”។

លោកប៉ូ អ៊ាវគង់បានបន្តថា ចរន្តនៃការវិនិយោគនៅតាមច្រកព្រំដែន មានសកម្មភាពតិចតួច ប៉ុន្តែមិនទាន់មានការកើនឡើងតម្លៃដីធ្លីនៅឡើយទេ។ លោកបន្តថា មានការរកដីសាងសង់កាស៊ីណូ នៅទីក្រុងបាវិត និងនៅតំបន់ដាក់ដាំក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែវាមិនមានចលនា ជាដុំកំភួនច្រើននៅឡើយទេ។

        លោកបន្តថា យើងត្រូវរស់នៅក្នុងសភាព ស៊ូទ្រាំបន្តទៀត ព្រោះរដ្ឋាភិបាលយើងមិនមានលុយឧបត្ថម្ភ ដល់វិស័យឯកជន និងគោលនយោបាយលើកទឹកចិត្តច្រើន ដូចនៅក្នុងប្រទេសថៃនៅឡើយទេ។ វាជាការព្រួយបារម្ភមួយ ទាក់ទងនឹងស្ថានភាពនេះ។

        ទោះជាយ៉ាងណា លោកគឹម សង្រ្គាមអ្នកជំនាញដីធ្លីនៅខេត្តកំពត និងជានាយកប្រតិបត្តិក្រុមហ៊ុនHIPPO Project Salesបានមានប្រសាសន៍ឲ្យដឹងផងដែរថា សកម្មភាពទិញ លក់ដីនៅក្នុងខេត្តកំពត សម្រាប់ដីសាងសង់រមណីយដ្ឋាន ផ្ទះសំណាក់ ឬបឹងហ្កាឡូនានា នៅមានសកម្មភាពខ្លះៗ ប៉ុន្តែការទិញកើតមានសម្រាប់តែដី ដែលមានតម្លៃក្រោមទីផ្សារប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here