ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារពិភពលោកបានព្រមានថា បណ្តាប្រទេសជាង១០០ រួមមានទាំងចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង កំពុងប្រឈមហានិភ័យមិនអាចសម្រេចគោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។
ធនាគារពិភពលោកបានបង្ហាញផែនទីចង្អុលផ្លូវលម្អិតដំបូងគេក្នុងការជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឆ្លងផុតពីឋានៈជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម។

-->
ស្ថាប័នអន្តរជាតិខាងលើបានដាក់ចេញ “យុទ្ធសាស្ត្រចំនួន៣ចំណុច” ដើម្បីជួយឱ្យបណ្តាប្រទេសនានាសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
ចំណុចសំខាន់ទី១: ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវផ្តោតលើការវិនិយោគ។ ចំណុចទី២: ត្រូវតែសង្កត់ធ្ងន់លើការចាក់បញ្ចូលបច្ចេកវិទ្យាថ្មីពីបរទេស ហើយចំណុចទី៣ចុងក្រោយ: ត្រូវរក្សានូវតុល្យភាពរវាងការវិនិយោគ ការចាក់បញ្ចូល និងការច្នៃប្រឌិត។នេះបើយោងតាមអនុសាសន៍របស់លោក Indermit Gill ប្រធានសេដ្ឋវិទូនៃធនាគារពិភពលោក។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា “ក្រោយពីផលទុនជាតិសរុប(GDP Per capita)របស់ប្រជាជនម្នាក់ៗក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍កើនឡើងដល់១០ភាគរយនៃ GDP របស់ប្រជាជនអាមេរិកម្នាក់ៗក្នុងមួយឆ្នាំ ពួកគេតែងតែជួបអន្ទះ”។

ពាក្យ“អន្ទាក់”នេះមានន័យថា ប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះមិនអាចឆ្លងផុតឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រជាជនមានចំណូលជាមធ្យមប្រចាំឆ្នាំក្នុងមួយនាក់ប្រហែល៨.០០០ដុល្លារនាពេលបច្ចុប្បន្ន។
ចាប់តាំងពីឆ្នាំ១៩៩០ មានតែបណ្តាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ចំនួន៣៤ប្រទេសប៉ុណ្ណោះ បានផ្លាស់ប្តូរឋានៈជាប្រទេសមានចំណូលខ្ពស់ ដោយសារពួកគេទទួលបានអត្ថប្រយោជន៍ពីសមាហរណកម្មសហភាពអឺរ៉ុប ឬកំណើនទុនបម្រុងប្រេង៕ប្រភព: Arab new៕