ក្រុមវិនិយោគិនចិនមើលឃើញឱកាសស្វែងរកផលចំណេញ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានលើកឡើងថា ចំនួនក្រុមហ៊ុនដែលផ្តល់មូលនិធិដោយក្រុមអ្នកវិនិយោគចិនកំពុងកើនឡើង ខណៈពួកគេបានទិញអចលនទ្រព្យ នៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសថៃ សម្រា ប់ជួល និងលក់បន្ត(resale) ដើម្បីស្វែងរកផលចំណេញនាពេលក្រោយ។

ផែនការរបស់រដ្ឋាភិបាលថៃ នៅក្នុងការបង្កើនរយៈពេលជួលដីសម្រាប់ជនបរទេសពី៥០ឆ្នាំ ទៅដល់៩៩ឆ្នាំ និងបង្កើនកូតាកម្មសិទ្ធិរបស់ជនបរទេស នៅក្នុងគម្រោងខុនដូដល់៧៥% ត្រូវបានក្រុមអ្នកជំនាញរំពឹងថា នឹងជួយជំរុញបន្ថែមទៀតនូវនិន្នាការនេះ។

លោក Surachet Kongcheep នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA បានមានប្រសាសន៍ឱ្យដឹងថា “ក្រុមហ៊ុនចិនទាំងនេះ ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ។ ពួកគេបាននិងកំពុងប្រើប្រាស់មូលនិធិវិនិយោគពីប្រទេសចិន ដើម្បីទិញខុនដូ និងផ្ទះនៅក្នុងទីក្រុងធំៗ” ។

លោក​បាន​បន្ថែម​ថា​ “វិនិយោគិនចិន​ មាន​គោលបំណង​លក់​ ឬ​ជួល​អចលនទ្រព្យ​ទាំងនេះ​ ជាបន្តទៅ​ឱ្យជនជាតិ​ថៃ​ដែល​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ឬ​ជនបរទេស​នៅពេល​ក្រោយ ជាពិសេស​អ្នក​ចូលចិត្តស្វែងរក ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​បាងកក ទីក្រុងប៉ាតាយ៉ា និង​កោះភូកេត​”។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានប៉ាន់ប្រមាណថា បណ្តាក្រុមហ៊ុនដែលផ្តល់មូលនិធិ ដោយអ្នកវិនិយោគចិន បានបោះទុនជាង១០០ពាន់លានបាត នៅក្នុងទីក្រុងទាំង៣ខាងលើ ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។

លោក Surachet បានបន្ថែមថា អ្នកវិនិយោគចិននឹងសម្រុ កចូលមក ក្នុងទីផ្សារអចលនទ្រព្យថៃកាន់តែច្រើន ដើម្បីឆក់ឱកាសទិញអចលនទ្រព្យ ដើម្បីលក់ ឬជួលបន្ត នៅពេលឱកាសចំណេញមកដល់ ប្រសិនបើផែនការបង្កើនរយៈពេលជួលដី និងកូតាកម្មសិទ្ធិខុនដូ ដល់ជនបរទេសត្រូវបានអនុម័ត។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខុនដូនៅទីក្រុងបាងកកដែលមានក្នុងស្តុក មានចំនួន៤៨៦.៤២០យូនីត។  អត្រានៃការលក់ខុនដូមុន(pre-sale) សរុបបានកើនឡើងដល់៥៩,៥% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹង៥៧,៥% នៅក្នុងឆមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman&Wakefield។

នៅឆមាសទី១ ខុនដូសម្រាបដាក់លក់ នៅរាជធានីបាងក ក មានតម្លៃជាមធ្យមចំនួន១៥៨.៤៨៦បាត (ប្រហែល៤.៤៦៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៣,៥% បើប្រៀបធៀបទៅនឹងកម្រិតនៅឆមាសទី២ ឆ្នាំ២០២៣៕ប្រភព: The Nation ៕

LEAVE A REPLY

Please enter your comment!
Please enter your name here