តម្រូវការបញ្ជាទិញយន្តហោះឯកជននៅទូទាំងតំបន់អាស៊ីកំពុងបន្តកើនឡើង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះឯកជន ខ្នាតយក្ស Dassault Aviation របស់ប្រទេសបារាំង បានអះអាងថា ទីផ្សារយន្តហោះឯកជន នៅក្នុងតំបន់អាស៊ីកំពុងបន្តរីកចម្រើន ស្របពេលដែលមានកំណើន នៃការបញ្ជាទិញពីអតិថិជននៅទូទាំងតំបន់ ដោយមិនចាំបាច់ពឹងផ្អែកខ្លាំង តែលើចិនដូចកាលពីមុន។

ជាក់ស្ដែង កាលពី១០ឆ្នាំមុន ចិន ជាប្រទេសដែលមានតម្រូវការយន្តហោះឯកជន ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី ដោយសារការហក់ឡើង នៃកំណើនសេដ្ឋកិច្ចចិននាពេលនោះ។នេះបើយោងតាមសារពត៌មាន Bangkok Post។

លោក Carlos Brana  អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកយន្តហោះស៊ីវិលរបស់ក្រុមហ៊ុនបារាំង Dassault Aviation បានលើកឡើងថា តម្រូវការការប្រើប្រាស់យន្តហោះឯកជន មានការកើនឡើង ដោយអាស្រ័យលើកំណើន សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនីមួយៗ។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គេសង្កេតឃើញមានយន្តហោះឯកជនប្រភេទ Falcon ប្រមាណ១០០​គ្រឿង នាពេលបច្ចុប្បន្ន។ ក្នុងនោះ ចិនមានចំនួន២២គ្រឿង។ជាមួយគ្នានេះ ក្នុងតំបន់អាស៊ាន ប្រទេសម៉ាឡេស៊ី មានយន្តហោះឯកជនប្រភេទ Falcon ច្រើនជាងគេចំនួន៨​គ្រឿង ខណៈប្រទេសថៃមានចំនួន៤​គ្រឿង។

លោក Carlos Brana បានអះអាងទៀតថា អតិថិជនគោលដៅរបស់យើង ពុំមែនមានតែក្រុមហ៊ុន នៅតំបន់អាស៊ីនោះទេ​។ ប៉ុន្តែ យើងក៏លក់យន្ដហោះឯកជន ទៅឱ្យក្រុមហ៊ុនទូទាំងពិភពលោក និងរដ្ឋាភិបាលផងដែរ ហើយអតិថិជនភាគច្រើនចូលចិត្តទិញយន្តហោះ ដែលអាចហោះបានចម្ងាយឆ្ងាយ ក្នុងមួយលើក។

លោក Brana បានបង្ហាញសុទិដ្ឋិនិយម អំពីតម្រូវការបញ្ជាទិញយន្តហោះ Falcon នៅតំបន់អាស៊ី។

ក្រុមហ៊ុន Dassault បានដាក់គោលដៅផលិតយន្តហោះ Falcon ឱ្យបានយ៉ាងតិច៣៥គ្រឿងក្នុងឆ្នាំ២០២៤នេះ។ យន្តហោះប្រភេទ Falcon ត្រូវបានលក់ចេញ៣២គ្រឿងក្នុងឆ្នាំ២០២២ និង២៦គ្រឿងក្នុងឆ្នាំ ២០២៣។

លោក Brana បានគូសបញ្ជាក់បន្ថែមថា “ថ្វីបើក្រុមហ៊ុន Dassault ផលិតយន្តហោះឯកជន បានតិចជាងគេក៏ពិតមែន ក៏ប៉ុន្តែទីផ្សារបានបង្ហាញសញ្ញាប្រសើរឡើង ខុសផ្ទុយពីក្រុមហ៊ុនផ្សេងទៀត ដែលផលិតយន្តហោះច្រើនជ្រុល បែរជាបង្កឱ្យមានផលប៉ះពាល់វិញ”។

យន្តហោះឯកជនអាចសម្រួល ដល់ការធ្វើដំណើរសម្រាប់អ្នកមានភារកិច្ចអាជីវកម្ម នៅបរទេសបានច្រើន និងអាចហោះហើរទៅកាន់គ្រប់អាកាសយានដ្ឋាននានាបាន ដោយមានភាពបត់បែន និងមិនត្រូវចាំបាច់រង់ចាំជើងហោះហើរ៕ ប្រភព: Bangkok  Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here