អារ៉ាប៊ីសាអូឌីតគ្រោងសាងសង់ពហុកីឡដ្ឋានខ្នាតយក្សនៅលើដំបូងអគារទីក្រុងខ្ពស់កប់ពពក The Line

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Bussiness Insider បានចុះផ្សាយថា ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មី នៅលើដំបូងអគារខ្ពស់កប់ពពកមួយ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

យោងតាមប្រភពសារពត៌មានខាងលើបានឱ្យដឹងថា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការ ក្នុងការធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំ២០៣៤។

ប្រសិនបើទទួលបានការឯកភាពពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជាផ្លូវការ ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីសាងសង់កីឡដ្ឋានថ្មីៗ ចំនួន១១ នៅតាមទីក្រុងចំនួន៥។

ក្នុងនោះ កីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានទាំង១១ នឹងមានទីតាំងស្ថិតនៅលើដំបូលនៃគម្រោងអគារខ្ពស់កប់ពពក The LINE ដែលមានកៅអីអង្គុយសម្រាប់អ្នកទស្សនាជាង៤៦.០០០នាក់។

យោងតាមគេហទំព័រ Technology Innovation បានរាយការណ៍ថា កីឡដ្ឋាននេះត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០៣២។ ស្របពេល ទីលានមានកំពស់ជាង៣៥០ម៉ែត្រពីលើដី ពហុកីឡដ្ឋានមួយនេះ នឹងបំពាក់បច្ចេកវិទ្យាទំនើប ដូចជាច្រកទ្វារអេឡិចត្រូនិក និងការផ្សាយកម្រិត 4K Ultra HD។ កីឡដ្ឋាននេះនឹងដំណើរការ ដោយថាមពលកកើតឡើងវិញ ដូចជា ប្រភពដើរដោយខ្យល់ និងពន្លឺព្រះអាទិត្យ។

យោងតាមសារពត៌មាន Bloomberg បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ២០២៤នេះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គ្រោងប្រកាសជាផ្លូវការអំពីការសម្រេចចិត្តចំពោះសំណើររបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើជាប្រទេសម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣៤៕ប្រភព:Business Insider៕

LEAVE A REPLY

Please enter your comment!
Please enter your name here