ការតភ្ជាប់ផ្លូវថ្មីពីស្ពានព្រែកប្រា ចក្រអង្រែក្រោមស្ថិតក្នុងជម្រើសចំនួន២

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុនចិន បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាគម្រោងសិក្សា ផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)ទៅផ្លូវជាតិលេខ១។

គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១នេះ កំពុងសិក្សាលើផ្លូវចំនួន២ខ្សែ ជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម។ ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីស្ពាន នៅក្នុងភូមិ​សាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សា គម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើតទៅ នៃគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ទៅភ្ជាប់ផ្លូវជាតិលេខ១ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមជាថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃ គម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ ផ្នែកខាងកើត ទៅផ្លូវជាតិលេខ១  ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមការណែនាំដ៏ខ្ពស់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) នាថ្ងៃទី១៩ កុម្ភ: ឆ្នាំ២០២៤ កន្លងទៅ។

ជាមួយគ្នានេះ  លោករដ្ឋលេខាធិការ បានណែនាំដល់ភាគីពាក់ព័ន្ធ ធ្វើការសិក្សាបន្ថែមទៀត ធ្វើយ៉ាងកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិច តាមដែលអាចធ្វើបានដោយ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថានប័នពាក់ព័ន្ធ និងផ្ដល់ព័ត៌ មានគ្នាទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេក​ទេស និងនយោបាយដើម្បីដាក់លទ្ធផល នៃការសិក្សាជូនថ្នាក់ដឹកនាំ ពិនិត្យសម្រេច ឱ្យបានឆាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here