ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ តម្លៃខុនដូថ្មីជាមធ្យម នៅតំបន់កណ្តាលទីក្រុងតូក្យូ បានធ្លាក់ចុះ១៦,៣%មកនៅត្រឹម១០៨,៦លានយ៉េន (ប្រហែល៦៩ម៉ឺនដុល្លារ)ក្នុងមួយយូនីត បន្ទាប់ពីបានហក់ឡើង ដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។
វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ជប៉ុនបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃខុនដូ នៅតំបន់កណ្តាលទីក្រុងតូក្យូ បានអូសទាញឱ្យតម្លៃខុនដូ ជាមធ្យមនៅទូទាំងទីក្រុងតូក្យូ ទាំងមូល និងបណ្តាខេត្តជុំវិញ ធ្លាក់ចុះអស់១៣,៥%ដល់៧៦,៨លានយ៉េនក្នុងមួយយូនីត ដែលជាការថយចុះជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ។
-->
កាលពីឆមាសទី១ ឆ្នាំ២០២៣កន្លងទៅ តម្លៃខុនដូជាមធ្យមនៅតំបន់កណ្តាល ទីក្រុងតូក្យូ បានហក់ឡើងដល់កំណត់ត្រា១២៩,៦លានយ៉េន(ប្រហែល៨៣៧.៩៨០ដុល្លារ)ក្នុងមួយយូនីត។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Kyodo។
ផ្ទុយទៅវិញ តម្លៃខុនដូជាមធ្យមនៅខេត្ត Chiba ដែលជាខេត្តមួយ ស្ថិតនៅក្បែរទីក្រុងតូក្យូ បានកើនឡើង២២,៣ភាគរយ ដល់កំណត់ត្រា៥៨,៣លានយ៉េនក្នុងមួយយូនីត។
ទោះជាយ៉ាងណា វិទ្យាស្ថានខាងលើរំពឹងថា តម្លៃខុនដូជាមធ្យមនៅតំបន់កណ្តាលទីក្រុងតូក្យូ នឹងស្ទុះងើបឡើងវិញនាពេលអនាគត ស្របពេលដែលអ្នកអភិវឌ្ឍន៍ គ្រោងបើកលក់គម្រោងខុនដូ ដែលមានតម្លៃខ្ពស់កប់ពពក នៅក្នុងសង្កាត់មួយចំនួន ។
ចំនួនខុនដូថ្មី ដែលបានចុះបញ្ជី សម្រាប់ដាក់លក់នៅក្នុងទីក្រុងតូក្យូ និងបណ្តាខេត្តជិតខាង ក្នុងឆមាសទី១ បានធ្លាក់ចុះ១៣,៧ភាគរយដល់៩.០៦៦យូនីត។ ចំនួននេះស្ថិតក្រោមកម្រិត១ម៉ឺនយូនីត ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំកន្លងមក៕

ប្រភព: Kyodo