ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងការពិចារណាថាតើលោក/ លោកស្រីគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ លោក/លោកស្រីត្រូវ សួរខ្លួនឯងនូវចំនុចមួយចំនួនដូចខាងក្រោមនេះ ដើម្បីធ្វើឲ្យប្រាកដថា អាជីវកម្មរបស់លោកអ្នកបានប្រព្រឹត្តទៅដោយរលូន។
ក. តើឥណទានអាករលើធាតុចូលរបស់ខ្ញុំ តែងតែលើសពីអាករដែលខ្ញុំកំណត់លើការលក់ដូររបស់ ខ្ញុំឬទេ?។ ឧទាហរណ៏ ប្រសិនបើលោក/លោកស្រីជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ លោក/លោកស្រីអាចពិចារណាបានថា លោក/លោ កស្រីនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញ នូវប្រាក់អាករដែលបានបង់លើការទិញនិងចំណាយនានា។
ខ. តើខ្ញុំធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករ ដែលបានចុះបញ្ជីដទៃទៀតឬទេ? ប្រសិនបើលោក/ លោកស្រីមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ លោក/លោកស្រីមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជន ដែលបានចុះបញ្ជីរបស់លោក/លោកស្រីបានទេ។ ពេលនោះអតិថិជនរបស់ លោក/លោកស្រី មិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជនរបស់លោក/លោកស្រីត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។
ក្នុងករណីនេះ គាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយលោក/លោកស្រីនឹងបាត់បង់មុខរបររបស់ខ្លួន។
គ. តើខ្ញុំធ្វើអាជីវកម្មជាសំខាន់ ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ? ក្នុងករណីនេះ វាហាក់ដូចជា គ្មានផលប្រយោជន៍អ្វីដល់លោក/ លោកស្រី ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែមទេ រហូតដល់ពេលណាដែលលោក/ លោកស្រីមានផលរបរដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ខាងលើ។
ឃ. លោក/លោកស្រីគួរយកមកពិចារណាផងដែរ នូវកាតព្វកិច្ចនៃការចុះបញ្ជីរនៅ ។ ពេលដែលបានចុះបញ្ជីរួចលោក/ លោកស្រីត្រូវគណនាអាករលើធាតុចេញ លើការផ្គត់ផ្គង់ជាប់អាករទាំងអស់។ លោក/ លោកស្រីអាចស្នើសុំឥណទានបាន តែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូន អគ្គនាយកដ្ឋានពន្ធដារឱ្យបានទៀងទាត់ ហើយនិងកាន់រក្សាបញ្ជីការ គណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្រ្តីអគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា។
ប្រសិនបើលោក/ លោកស្រីសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់លោក/លោកស្រី និងមូល ហេតុដែលលោក/លោកស្រីមាន បំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។
ប្រសិនបើលោក/ លោកស្រី ពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ លោក/លោកស្រីត្រូវបញ្ជាក់ហេតុផល។
ប្រសិនបើលោក/ លោកស្រីត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត លោក/ លោកស្រីស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល ២ឆ្នាំដោយមិនគិតពីតម្លៃ នៃផលរបរជាប់អាករនៃអាជីវកម្មរបស់លោក/លោកស្រីឡើយ៕