ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬសូឡារបស់ចិនកាន់តែច្រើន កំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬក្ស័យធន ស្របពេលមានការផ្គត់ផ្គង់លើសតម្រូវការ និងសង្គ្រាមប្រកួតប្រជែងតម្លៃ ដែលបណ្តាលឱ្យក្រុមហ៊ុនខ្នាតតូចមានការខាតបង់ចំណូលយ៉ាងគំហុក។
ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតតូច New Energy Technology Co បានប្រកាសក្ស័យធន បន្ទាប់ពីតុលាការបានបញ្ជាឱ្យក្រុមហ៊ុននេះ រៀបចំរចនាសម្ព័ន្ធឡើងវិញ ព្រោះក្រុមហ៊ុនមិនអាចទូទាត់សងបំណុលបាន និងពុំមានដំណោះស្រា យច្បាស់លាស់សម្រាប់ម្ចាស់បំណុល។
-->
ការប្រកាសក្ស័យធន របស់ក្រុមហ៊ុនខាងលើ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនផលិតកម្មខ្នាតតូចជាងនេះ Gansu Golden Solar Co បានឈានចូលដំណើរការ រៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ នៅដើមខែកក្កដា។
ឧស្សាហកម្មផលិតបន្ទះសូឡា ឈានមុខគេលើពិភពលោករបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការក្ស័យធន ខណៈការផលិតច្រើនលើសលប់ ហួសពីតម្រូវការបានបង្ខំឱ្យក្រុមហ៊ុននានាលក់បន្ទះសូឡា ក្នុងតម្លៃទាបជាងថ្លៃចំណាយលើការផលិត។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងធ្វើឱ្យវិស័យបន្ទះសូឡា ដំណើរការរលូនល្អឡើងវិញ តាមរយៈការពង្រឹងយន្តការទីផ្សារ ដូចជាការលុបបំបាត់ក្រុមហ៊ុនផលិតកម្មដែលមានសមត្ថភាពទាប និងហួសសម័យ ព្រមទាំងទប់ស្កាត់ការប្រកួតប្រជែងតម្លៃខ្លាំងជ្រុលហួសហេតុ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនផលិតបន្ទះសូឡាខ្នាតធំ ដូចជាក្រុមហ៊ុន Longi Green Energy Technology បានរួចផុតពីការក្ស័យធន បន្ទាប់ពីក្រុមហ៊ុនបានសម្រេចចិត្ត ផ្អាកផលិតកម្ម និងកាត់បន្ថយចំនួនបុគ្គលិក។
ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានអំពាវនាវ ឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការ ដើម្បីជួយពន្លឿនការច្របាច់ក្រុមហ៊ុនតូចៗបញ្ចូលគ្នា និងមិនត្រូវបញ្ជូនជំនួយផ្នែកហិរញ្ញវត្ថុ ទៅឱ្យក្រុមហ៊ុន ដែលគ្រោងប្រកាសក្ស័យធន ព្រមទាំងលើកទឹកចិត្តក្រុមហ៊ុនធំៗទិញបណ្តារោងចក្រផលិតកម្មខ្នាតតូច៕ប្រភព:Bloomberg៕
