ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស JPMorgan Chase & Co ព្យាករណ៍ឃើញនូវឱកាសចំនួន៣៥ភាគរយ ដែលសហរដ្ឋអាមេរិក អាចធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំនេះ បើធៀបនឹងឱកាស២៥%គិតត្រឹមដើមខែមុន។
ក្រុមសេដ្ឋវិទូរបស់ធនាគារ JPMorgan ដឹកនាំដោយដោយលោក Bruce Kasman លើកឡើងថា ទិន្នន័យពត៌មានសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបង្ហាញពីការដាំក្បាលចុះលើសពីការរំពឹងទុក នៃតម្រូវការការងារ និងទីផ្សារកម្លាំងពលកម្ម។
-->

ស្របពេលដែលសម្ពាធ អត្រាអតិផរណារបស់សហរដ្ឋអាមេរិកកំពុងបន្តធ្លាក់ចុះ ក្រុមសេដ្ឋវិទូJPMorgan ព្យាករណ៍ថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន២លើក នៅក្នុងឆ្នាំ២០២៤ ដោយនៅខែកញ្ញាមួយលើក និងខែវិច្ឆិកាមួយលើកទៀត។
ក្រុមសេដ្ឋវិទូរបស់ធនាគារ JPMorgan បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា ការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងប្រាកដជាបង្ខំឱ្យធនាគារកណ្តាលនានាលើពិភពលោក បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។
ការព្យាករណ៍ថ្មីរបស់ធនាគារ JPMorgan លើហានិភ័យចំពោះវិបត្តិសេដ្ឋកិច្ចអាមេរិក មានភាពស្រដៀងគ្នានឹងការព្យាករណ៍របស់ធនាគារ Goldman Sachs ដែលមើលឃើញឱកាសចំនួន២៥% នៃការផ្ទុះឡើងវិបត្តិសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២៥។

អត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់៤,៣ភាគរយ នៅក្នុងខែកក្កដា ហើយការជួលបុគ្គលិកបានធ្លាក់ចុះ។ ការណ៍នេះ បានបង្កឱ្យបណ្តាវិនិយោគិនសកល មានការព្រួយបារម្ភអំពីហានិភ័យ នៃការផ្ទុះវិបត្តិសេដ្ឋកិច្ច។
យោងតាមការិយាល័យស្ថិតិការងារ បានរាយការណ៍ថា អាមេរិកបានបង្កើត ការងារបន្ថែមចំនួន១១៤.០០០កន្លែង កាលពីខែកក្កដា។ ចំនួននេះបង្ហាញសញ្ញា ពីការធ្លាក់ចុះយ៉ាងគំហុក បើធៀបនឹងការបង្កើតការងារ ចំនួន២៦០.០០០កន្លែងនៅក្នុងខែមិថុនា៕ប្រភព: The edge Malaysia៕
