ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Aeon Co., Ltd. ម្ចាស់ផ្សារទំនើប Aeon Mall បានទទួលភ្លើងខៀវ ពីអាជ្ញាធរនៅខេត្ត Thanh Hoa ភាគកណ្តាលនៃប្រទេសវៀតណាម ដើម្បីទិញដីសាងសង់ផ្សារទំនើបតម្លៃ៤,២ទ្រីលានដុង (ប្រហែល១៦៧លានដុល្លារអាមេរិក)។
ក្រុមហ៊ុនលក់រាយខ្នាតយក្ស របស់ជប៉ុនមួយនេះ បានទិញដីទំហំ១០,៥ហិកតា ពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុករបស់វៀតណាម ដើម្បីអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall Thanh Hoa។
-->
បើយោងតាមផែនការអភិវឌ្ឍន៍ គម្រោងខាងលើបានឱ្យដឹងថា អគារមួយនឹងត្រូវបានសាងសង់ឡើង ក្នុងកំពស់៥ជាន់ក្នុងដំណាក់កាលទី១ និងផ្សារទំនើប៤ជាន់ និងចំណតរថយន្តចំនួន៧ជាន់ក្នុងដំណាក់កាលទី២ ។
ជាមួយគ្នានេះ បន្ទាប់ពីទទួលបានដីធ្លី ក្រុមហ៊ុនផ្សារទំនើប Aeon ត្រូវបញ្ចប់ការសាងសង់ គម្រោងដំណាក់កាលទី១ឱ្យបានរួចរាល់ជាស្ថាពរ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ។
អាជ្ញាធរខេត្ត Thanh Hoa បានបង្ហាញក្តីរំពឹងទុកថា ផ្សារទំនើប Aeon Mall នឹងជួយជំរុញការប្រើប្រាស់ ផលិតផលកសិកម្មក្នុងស្រុក ហើយនឹងអាចនាំចេញ ទៅកាន់ប្រទេសជប៉ុន និងបណ្តាប្រទេសដទៃទៀត។
ក្រុមហ៊ុន Aeon មានផ្សារទំនើបចំនួន៩សាខា នៅក្នុងប្រទេសវៀតណាម។ សាខាភាគច្រើន ស្ថិតនៅតាមទីក្រុងធំៗដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Hai Phong ខណៈក្រុមហ៊ុនគ្រោង បង្កើនសាខានៅវៀតណាម ដល់២០ទីតាំងនាពេលអនាគត៕ប្រភព: Vnexpress៕
