អគ្គនាយកក្រុមហ៊ុន LSCG Group សហការជាមួយក្រុមហ៊ុនអាមេរិកនិងសឹង្ហបុរីបោះទុន១៦៨លានដុល្លារដើម្បីសាងសង់អាគារជាប់គាំងនៅក្រុងព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារ ដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។

លោកអគ្គនាយកក្រុមហ៊ុន LSCG Group បានគូសបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៩ សីហាកន្លងមកថា ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួន ដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។

-->

លោកបន្តថា មុននឹងឈានដល់ការសម្រេច ខាងលើនេះ ក្រុមហ៊ុន LSCG Group និងដៃគូបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគណៈអភិបាលក្រុងព្រះសីហនុ ជាច្រើនលើកជាច្រើនសាររួចមកហើយ ដោយបានចំណាយពេលជាច្រើនឆ្នាំហើយដែរ។

លោកបន្តថា “យើងបានសិក្សាគម្រោងប្លង់មេ (Master Plan) និងលើកសំណើរជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំ Master Plan ក្រុងព្រះសីហនុ ដោយបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ខណៈគម្រោងទាំងនោះរួមមានការវិនិយោគទីក្រុងវៃឆ្នាត ធ្វើទំនើបកម្មក្រុងព្រះសីហនុទាំងមូល គម្រោងទឹកស្អាត និងគម្រោងគ្រប់គ្រងទឹកកង្វក់ក្នុងទីក្រុង”។

លោកលី សុខឆាយបានបន្ថែមថា ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលចង់ដោះស្រាយ និងជួយសម្រួលបញ្ហាអគារជាប់គាំង នៅក្រុងព្រះសីហនុ ដូច្នេះក្រុមហ៊ុន LSCG សូមចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាខាងលើ ដោយរួមសហការជាមួយដៃគូ ដើម្បីជួយជំរុញគម្រោ​ងអចលនទ្រព្យ និងគម្រោងថ្មីៗកំពុងសិក្សា ជាពិសេសអគារដែលកំពុងជាប់គាំង ដើម្បីបន្តសង់បញ្ចប់ជាជាងទុកចោលក្នុងលក្ខណៈអគារសំណល់បែបនេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខរដ្ឋបាលយើងខ្ញុំដូចខាងក្រោម៖លេខ Telegram +៨៥៥ ១០ ៨០៤ ៨០៤ ឬមកកាន់ទីតាំងការិយាល័យនៅ វីឡាទោល A លេខ ០៣ ផ្លូវលេខ ០៩ បុរីប៉េងហួតបឹងស្នោ ឬនៅការិយាល័យក្នុងសណ្ឋាគារផ្កាយ៥ Prince Times ក្រុងព្រះសីហនុ៕