ដំណឹងល្អ: ប្រទេសចិនបានតេស្តសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យារថភ្លើង មានល្បឿនលឿនជាងយន្តហោះ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: កាលពីពេលថ្មីៗនេះ ប្រទេសចិនបានបើកដំណើរការតេស្តសាកល្បង ដោយជោគជ័យនូវបច្ចេកវិទ្យារួមរបស់ប្រព័ន្ធរថភ្លើងល្បឿនលឿន ទំនើបថ្មីបំផុតប្រភេទ Ultra-High-Speed ឬហៅថា UHSMaglev ខណៈប្រព័ន្ធនេះដំណើរការដូចការគ្រោងទុក។

រថភ្លើងនេះ មានល្បឿនលឿនជាងយន្តហោះ ដោយអាចរត់បានចម្ងាយអតិបរមា ក្នុងល្បឿន១.០០០គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Newsweek នាពេលថ្មីៗនេះ។

Maglev ជារថភ្លើងដែលប្រើប្រាស់ កម្លាំងអេឡិចត្រូម៉ាញ៉េទិក ដើម្បីធ្វើឱ្យខ្សែរថភ្លើង បើកបរអណ្ដែតផុតពីផ្លូវដែក បន្ដិច។ ការតេស្តសាកល្បងនេះ ត្រូវបានរៀបចំឡើង ក្នុងចម្ងាយ២គីឡូម៉ែត្រ នៅក្នុងខេត្ត Shanxi ប្រទេសចិន។

យោងតាមលទ្ធផលបង្ហាញថា រថភ្លើងនេះសម្រេចបានដោយជោគជ័យ នូវការបង្អង់ល្បឿន និងការចតដោយសុវត្ថិភាព ស្របតាមភាពបត់បែននៃខ្សែផ្លូវដែក។ លទ្ធផលនៃការធ្វើតេស្តក៏បានបង្ហាញផងដែរថា ល្បឿនអតិបរមា និងកម្ពស់របស់រថភ្លើងបើកផុតពីលើផ្លូវដែក ស្របនឹងផែនការកំណត់ដែលបានគ្រោងទុក។

ប្រព័ន្ធរថភ្លើងនេះ បានច្របាច់រួមបញ្ចូល គ្នារវាងបច្ចេកវិទ្យាអវកាស ជាមួយនឹងបច្ចេកវិទ្យាដឹកជញ្ជូនផ្លូវដែក។

សារព័ត៌មានចិន Xinhua បានរាយការណ៍ថា រថភ្លើងល្បឿនលឿនថ្មីនេះ ត្រូវបានផលិតឡើងរួមគ្នា ដោយក្រុមហ៊ុន China Aerospace Science & Industry Corporation Limited និងរដ្ឋបាលខេត្ត Shanxi កាលពីឆ្នាំ ២០២២។

នាពេលអនាគត រថភ្លើងនេះអាចត្រូវបានប្រើប្រាស់សម្រា​ប់ការដឹកជញ្ជូន រវាងទីក្រុងធំៗ របស់ប្រទេសចិន និងសម្រួលឱ្យពលរដ្ឋ អាចធ្វើដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ ក្នុងរយៈពេលត្រឹមតែ១ម៉ោងកន្លះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី គេពុំទាន់ឃើញមានសារព័ត៌មានណាមួយបញ្ជាក់ច្បាស់ អំពីពេលវេលាជាក់លាក់ នៃការបើកដាក់ឱ្យដំណើរការរថភ្លើងនេះ ជាផ្លូវការនៅឡើយទេ គិតមកទល់ពេលបច្ចុប្បន្ន៕ប្រភព: Newsweek៕

LEAVE A REPLY

Please enter your comment!
Please enter your name here