ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋានឡុងថាញ់ (Long Thanh) នឹងក្លាយជាព្រលានយន្តហោះ ដ៏ធំបំផុតរបស់វៀតណាម នៅពេលសាងសង់រួចរាល់ និងត្រៀមស្វាគមន៍ជើងហោះហើរ ពាណិជ្ជកម្មដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមអ្នកវិនិយោគលើគម្រោង។
លោក Lai Xuan Thanh ប្រធានក្រុមប្រឹក្សាគ្រប់គ្រងសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) អះអាងថា ការសាងសង់ ចំណតព្រលានយន្តហោះ Long Thanh នៅខេត្ត Dong Nai បានចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែសីហាឆ្នាំមុន ជាមួយនឹងកម្លាំងពលកម្មចំនួន២.៤០០នាក់ និងម៉ាស៊ីនចំនួន១.៥០០គ្រឿង។
ចំណតនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ខណៈការដំឡើងគ្រឿងបរិក្ខារ និងការតេស្តដំណើរការសាកល្បង គ្រោងរៀបចំនៅដើមឆ្នាំ២០២៦ ហើយចំណតនេះ គ្រោងនឹងបើកដំណើរការមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
លោក Thanh បានមានប្រសាសន៍ឱ្យដឹងថា “នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ អាកាសយានដ្ឋាន Long Thanh នឹងទទួលស្វាគមន៍ជើងហោះហើរ ពាណិជ្ជកម្មជាលើកដំបូង ចំថ្ងៃទិវាជាតិរបស់ប្រទេសវៀតណាម”។
លោកបានបន្ថែមថា “លោកកំពុងដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីស្នើសុំការអនុម័ត លើការសាងសង់ផ្លូវរត់ទី២ និងអនុវត្តន៍វិធានការកាត់បន្ថយ ការហ៊ុយធូលីដីនៅតំបន់ចំណត T3 នៅពេលអាកាសយានដ្ឋានចាប់ផ្តើមដំណើរការ”។
លោក Thanh ក៏បានអំពាវនាវឱ្យមានការពង្រីកផ្លូវល្បឿនលឿនតភ្ជាប់ រវាងខេត្តដុងណាយ (Dong Nai) ជាមួយតំបន់ជិតខាងដូចជាទីក្រុងហូជីមិញ និងទីក្រុងវ៉ុងតាវ (Vung Tau) ដើម្បីជួយសម្រួល ដល់ការតភ្ជាប់ជាមួយអាកាសយានដ្ឋានថ្មី។
អាកាសយានដ្ឋានលំដាប់យក្ស Long Thanh លាតសន្ធឹងលើផ្ទៃដីទំហំ៥.០០០ហិកតា ក្រោមទុនវិនិយោគសរុបប្រហែល៣៣៦,៦៣ទ្រីលានដុង (ប្រហែល១៣,៣៨ពាន់លានដុល្លារ)៕ប្រភព: Vnexpress៕