ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោកចូ បៃដិន បានសម្រេចអនុញ្ញាតឱ្យបង្កើនចំនួនកូតាលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីក្រៅប្រទេសជាង២ដង ដោយមិនគិតពន្ធ។នេះបើយោងតាមប្រភពពីសារពត៌មាន Reuters។
ការប្រកាសលើកលែងពន្ធលើការនាំចូលបន្ទះសូឡានាពេលនេះ មានគោលបំណងជួយដល់បណ្តាក្រុមហ៊ុនផលិតកម្មក្នុងស្រុក ដែលពឹងផ្អែកលើវត្ថុធាតុដើមពីបរទេស។ នេះអាចជាដំណឹងល្អមួយសម្រាប់តំបន់អាស៊ាន រួមមានទាំងកម្ពុជា ដែលនាំចេញបន្ទះសូឡាភាគច្រើនទៅកាន់អាមេរិក។
ជាក់ស្ដែង នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ តំបន់អាស៊ានបានផ្គត់ផ្គង់ចំនួន១ភាគ៣នៃបន្ទះសូឡារបស់ពិភពលោក ហើយភាគច្រើនត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។
បណ្តាប្រទេសសមាជិកអាស៊ានចំនួន៤ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម បានផ្គត់ផ្គង់ចំនួនជាង៧៥ភាគរយនៃបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដែលនាំចូលដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២។
យោងតាមលិខិតសេចក្តីប្រកាសរបស់សេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញ បានឱ្យដឹងថា ចំនួនកូតានាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យនឹងត្រូវបានបង្កើនពី៥ជីហ្គាវ៉ាត់នាពេលបច្ចុប្បន្នដល់១២,៥ជីហ្គាវ៉ាត់។
ពន្ធគយលើការនាំចូលបន្ទះសូឡាត្រូវបានដាក់ដំបូងដោយអតីតប្រធានាធិបតីលោក Donald Trump ក្នុងឆ្នាំ២០១៨ ដើម្បីការពារវិស័យផលិតកម្មថាមពលពន្លឺព្រះអាទិត្យខ្នាតតូចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការប្រកួតប្រជែងពីការនាំចូលពីតំបន់អាស៊ាន។
យ៉ាងណាមិញ កាលពីខែឧសភាកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃដិន បានប្រកាសថា “ខ្លួននឹងពិចារណាបង្កើនកូតា ប្រសិនបើការនាំចូលបន្ទះសូឡាឈានដល់កម្រិត៥ជីហ្គាវ៉ាត់”។
លោក បៃដិន បានប្តេជ្ញាថា លោកនឹងធ្វើឱ្យការងារក្នុងវិស័យផលិតកម្មរបស់អាមេរិកមានភាពរស់រវើកឡើងវិញ ដោយមួយផ្នែកតាមរយៈការផលិតឧបករណ៍ថាមពលស្អាត ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
ប្រភព: Reuters