ការដាក់ទុនវិនិយោគរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យម៉ាឡេសុីនៅតែបន្តកើនឡើង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះនិន្នាការនៃការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការសាកសួរពីសំណាក់ជនជាតិចិនអំពីការទិញផ្ទះ ដើម្បីស្វែងរកផលចំណេញលើការវិនិយោគនាពេលអនាគត។

កាសែត The Straits Times បានរាយការណ៍ថា ពលរដ្ឋចិនបង្ហាញការចាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់ទីក្រុងគូឡាឡាំពួរ ដូចជាតំបន់ពាណិជ្ជកម្មកណ្តាល (CBD)និងតំបន់ធំៗដូចជា តំបន់Bukit Damansara តំបន់Bangsar និងតំបន់Kenny Hills។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Juwai IQI បានឱ្យដឹងថា លំនៅដ្ឋានប្រណីតនៅក្នុងប្រទេសម៉ាឡេសុី ដែលមានតម្លៃចាប់ពី១លាងរីងហ្គីត(ប្រហែល២២៦.៧១៥ដុល្លារអាមេរិក) កំពុងមានតម្រូវការខ្ពស់។

តួលេខខាងលើនេះមានតម្លៃថ្លៃជាងជិត២ដង បើប្រៀបធៀបនឹងតម្លៃជាមធ្យមនៃអាផាតមុិនថ្មីចំនួន៥៨២.៨៨៧រីងហ្គីត(ប្រហែល១៣១.២១៤ដុល្លារ)ក្នុងមួយយូនីត។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Global proptech។

លោក Kashif Ansari នាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានថ្លែងប្រាប់កាសែត The Strait Times ថា “ចំនួននៃការសាកសួរពីជនជាតិចិនលើការទិញផ្ទះនៅម៉ាឡេសុីនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤មានការកើនឡើង៤២ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំមុន”។

លោក​បាន​បន្ថែម​ថា​ “បច្ចុប្បន្ន ពលរដ្ឋ​ចិន​​​ជា​ចំណែកធំ​បំផុត​នៃ​ប្រភពជនបរទេសដែលបានទិញផ្ទះនៅប្រទេស​ម៉ាឡេស៊ី​ ហើយពួកគេផ្ដោត​លើ​អចលនទ្រព្យ​នៅ​ទីក្រុង​គូឡាឡាំពួ និង​រដ្ឋ Johor ក្បែរប្រទេសសិង្ហបុរី ដែល​មាន​តម្លៃ​ចំនួន២លាន​រីងហ្គីត”។

ការចាប់អារម្មណ៍ដាក់ទុនវិនិយោគលើអចលនទ្រព្យនៅម៉ាឡេស៊ីនៅតែមានកម្រិតខ្ពស់ ថ្វីបើក្រុមអ្នកវិនិយោគចិនមួយចំនួនកំពុងលក់អចលនទ្រព្យនៅក្រៅប្រទេស ដោយសារតែការកើនឡើងថ្លៃកម្ចីទិញផ្ទះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនយ៉ាងណាក្តី៕

ប្រភព: Malay Mail

LEAVE A REPLY

Please enter your comment!
Please enter your name here