ទំហំពាណិជ្ជកម្មរវាងចិន និងតំបន់អាស៊ានសម្រេចបានទំហំទឹកប្រាក់៥៤៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសចិន និងតំបន់អាស៊ាន​ សម្រេចបានទំហំទឹកប្រាក់ប្រមាណ៥៤៦,៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ កើនឡើង១០,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីគយចិន ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា តំបន់អាស៊ាននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។ ក្នុង​ចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​​របស់​ចិន តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

បើគិតជាប្រាក់យ័ន ទំហំពាណិជ្ជកម្មសរុបរវាង​ចិន ​និង​តំបន់អាស៊ាន​សម្រេចបានទំហំទឹកប្រាក់ជាង​៣,៩២ទ្រីលាន​យ័ន។ ​ក្នុងរយៈពេល៧​ខែ​ដើមឆ្នាំ​នេះ ទំហំពាណិជ្ជកម្ម​ចិន​-​វៀតណាម​បាន​ហក់ឡើង​ខ្លាំង​ជាងគេបំផុត​ក្នុង​តំបន់​អាស៊ាន​ក្នុងរង្វង់២៤,១ភាគរយ ខណៈទំហំពាណិជ្ជកម្មរវាងចិន និងម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានកើនឡើង១៣,៧ភាគរយ និង៤,១ភាគរយរៀងគ្នា។

សង្គ្រាមពាណិជ្ជកម្មរវាងចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនការដោះដូរពាណិជ្ជកម្ម និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់អាស៊ាន។ ក្រុមអ្នកវិនិយោគចិនបានបោះទុនយ៉ាងច្រើននៅប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ីក្នុងវិស័យថាមពលថ្មី រថយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពឹងផ្អែកលើកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះ ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានក្លាយជាប្រភពទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មកែច្នៃ និងអាហារសមុទ្ររបស់តំបន់អាស៊ាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារចិន និងតំបន់អាស៊ាន ដែលមានប្រជាជនជាង២ពាន់លាននាក់ ឬស្មើនឹងចំណែក១ភាគ៥នៃសេដ្ឋកិច្ចពិភពលោក បានដើរតួនាទីជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល៕

ប្រភព: Gov. CN

LEAVE A REPLY

Please enter your comment!
Please enter your name here