ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកសង្កេតការណ៍នយោបាយ និងសេដ្ឋវិទូមួយចំនួន បានចោទសួរថា តើលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី នឹងបន្តគម្រោងរដ្ឋធានីថ្មីឬយ៉ាងណា ដោយសារលោកធ្លាប់បានប្រកាសផ្តល់អាទិភាពសំខាន់ លើការវិភាជន៍ថវិការដ្ឋ ទៅក្នុងគោលនយោបាយសុខុមាលភាពនាពេលកន្លងមក។
ទាក់ទងនឹងបញ្ហាខាងលើ នាពេលថ្មីៗនេះ លោក Prabowo បានប្តេជ្ញាបន្តបញ្ចប់គម្រោងរដ្ឋធានីថ្មី Nusantara ដើម្បីជម្រះមន្ទិលសង្ស័យថា តើថ្នាក់ដឹកនាំថ្មីនាពេលខាងមុខនឹងបោះបង់ចោល គម្រោងតម្លៃរាប់ពាន់លានដុល្លាររបស់ប្រធានាធិបតីមុនឬក៏យ៉ាងណា។
បន្ទាប់បំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីថ្មី Nusantara កាលពីថ្ងៃទី១២ ខែសីហា លោក Prabowo ដែលគ្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨ របស់ឥណ្ឌូនេស៊ីក្នុងខែតុលាខាងមុខ បានប៉ាន់ប្រមាណថា រដ្ឋធានីថ្មីនេះនឹងអាចដាក់ឱ្យដំណើរបានទាំងស្រុង ក្នុងរយៈពេល៤ឆ្នាំ ឬ៥ឆ្នាំខាងមុខ។
លោក Prabowo និងប្រធានាធិបតីចាំផ្ទះលោក លោក Joko Widodo បានចុះត្រួតពិនិត្យរដ្ឋធានីថ្មីរួមគ្នា ស្របពេលថ្ងៃបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ី គ្រោងប្រារព្ធឡើងនៅតំបន់នោះនៅថ្ងៃទី១៧ ខែសីហានេះ។
លោក Joko Widodo បាននិងកំពុងខិតខំលុបបំបាត់មន្ទិលសង្ស័យលើអនាគត គម្រោងរដ្ឋធានីថ្មីតម្លៃ៣៥ពាន់លានដុល្លារមួយនេះ ចាប់តាំងពីប្រធានគ្រប់គ្រងការងារ ស្ថាបនាគម្រោងរដ្ឋធានីថ្មី បានលាលែងពីតំណែង កាលពីខែមិថុនាកន្លងទៅ។
យោងតាមប្រធានាធិបតីរូបនេះ បានបង្ហើបឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា គម្រោងរដ្ឋធានីថ្មី Nusantara បានទាក់ទាញទុនវិនិយោគ សរុបចំនួន៥៦,២ទ្រីលានរូពៀ (ប្រហែល៣,៥ពាន់លានដុល្លារអាមេរិក) គិតមកទល់ពេលបច្ចប្បន្ន។
តួលេខនេះមិនរាប់បញ្ចូលថវិការដ្ឋ ដែលប្រើប្រាស់សម្រាប់ការសាងសង់អគាររដ្ឋាភិបាល និងកន្លែងសាធារណៈផ្សេងទៀតនោះទេ។ បណ្តាវិនិយោគិនចំនួន៥៥រូប បានចាប់ផ្ដើមសាងសង់អគារអាជីវកម្ម នៅក្នុងវិស័យនានាដូចជា ធនាគារ ការថែទាំសុខភាព ការលក់រាយ ថាមពល បដិសណ្ឋារកិច្ច ភស្តុភារ និងលំនៅដ្ឋាន។
វិនិយោគិនម្នាក់ ក្នុងចំណោមអ្នកវិនិយោគទាំងនេះ ក៏រួមមានលោក Prabowo Subianto ផងដែរ ខណៈលោកជាពាណិជ្ជករជំនួញមួយរូប និងជាប្រធានាធិបតីជាប់ឆ្នោតថ្មី។
ទីក្រុង Nusantara នឹងក្លាយជារដ្ឋធានីថ្មីជំនួសឱ្យរដ្ឋធានីហ្សាការតា នាពេលបច្ចុប្បន្ន ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២.៥៦០គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងកើតកោះ Borneo ក្នុងខេត្ត North Kalimantan។
គម្រោងនេះបានចាប់ផ្ដើម បើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណាក់កាលដំបូង ឥណ្ឌូនេស៊ីមានគម្រោងបញ្ជូនមន្ត្រីរដ្ឋការ ចំនួន១២.០០០នាក់ទៅរស់នៅទីក្រុងថ្មីនេះ នៅត្រឹមខែកញ្ញា ឆ្នាំ២០២៤។
ប៉ុន្តែគម្រោងនេះ ត្រូវបានប្រកាសពន្យារពេលវិញ ខណៈ រដ្ឋាភិបាល មិនអាចសាងសង់ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗឱ្យបានទាន់ពេលវេលា៕
ប្រភព: Xinhua