ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីន គ្រោងនឹងសាងសង់អគារការិយាល័យកម្រិតA ខ្ពស់កប់ពពកមួយ នៅក្នុងតំបន់ Chinatown ក្នុងរដ្ឋធានីម៉ានីល ដើម្បីជំរុញសកម្មភាពហិរញ្ញវត្ថុ។
អគារការិយាល័យនេះ នឹងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ Quintin Paredes និងត្រូវបានប្រសិទ្ធនាមឈ្មោះថា “One Financial Center”។ នៅពេលសាងសង់រួចរាល់ អគារ One Financial Cente rនឹងក្លាយជាកន្លែងសម្គាល់ សាជីវកម្មសហសម័យដំបូងគេ នៅតំបន់ Chinatown នៃទីក្រុងម៉ានីល។
-->
ដើម្បីជំរុញឱ្យអគារមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីនេះក្លាយជាកេរ្តិ៍ដំណែលដ៏យូរលង់ សម្រាប់មនុស្សជំនាន់ក្រោយ ក្រុមហ៊ុនអចលនទ្រព្យ Anchor Land បានរចនាគម្រូអគារនេះឡើង ដើម្បីរក្សាបាន នូវអត្តសញ្ញាណប្រវត្តិសាស្រ្ត ដោយច្របាច់បញ្ចូលធាតុផ្សំ បែបសហសម័យ និងរក្សាទុករចនាបថផ្នែកខាងមុខរបស់អគារ Uy Su Bin ឱ្យនៅដដែល។
ក្រៅពីសោភ័ណភាព និរន្តរភាពជាអាទិភាពមួយទៀតក្នុងការអភិវឌ្ឍន៍ ដោយមានជញ្ជាំងកញ្ចក់ប្រភេទ Low-E ចំនួន២ជាន់ត្រូវបានដាក់បញ្ចូល ដើម្បីរំលេចបន្ថែមនូវភាពឆើតឆាយរបស់អគារ និងរក្សាសីតុណ្ហភាព ក្នុងអគារឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវផលិតភាពខ្ពស់ និងការប្រើប្រាស់ថាមពលតិច។
អគារការិយាល័យ One Financial Center ក៏នឹងផ្តល់ជូនផងដែរនូវ Space ដែលអាចបត់បែនបាន និងអាចពង្រីកបានយ៉ាងងាយស្រួល ដើម្បីបំពេញតម្រូវការអាជីវកម្មផ្សេងៗ។ អគារនេះ ត្រូវបានគូសប្លង់យ៉ាងយកចិត្ដទុកដាក់ ដោយមានកន្លែងទទួលភ្ញៀវ កន្លែងចតរថយន្ត៩ជាន់ និងជណ្តើរយន្តល្បឿនលឿនចំនួន៥ ដើម្បីធានាបាននូវការបំពេញការងារប្រចាំថ្ងៃដោយរលូន។
ស្របតាមគោលដៅរបស់អ្នកអភិវឌ្ឍន៍ ក្នុងការបង្កើនផលិតភាពសម្រាប់អតិថិជន អគារការិយាល័យកំពស់៤៥ជាន់នេះក៏ត្រូវបានបំពាក់ ដោយបច្ចេកវិទ្យា fiber optic ដើម្បីធានាបាននូវការផ្ទេរទិន្នន័យដោយរលូន និងការទំនាក់ទំនងដោយគ្មានការរំខាននៅក្នុងកន្លែងធ្វើការ។
ជាមួយនឹងការតភ្ជាប់ ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន និងអាចទុកចិត្តបាន អ្នកជួលមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការប្រើប្រាស់វេទិកា និងកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយសេវាកម្ម ឬផលិតផល ស្របពេលអាជីវកម្មរបស់ពួកគេ កំពុងផ្លាស់ប្តូរយ៉ាងលឿនទៅរកឌីជីថល៕

ប្រភព: Inquirer.Net