ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានដាក់បង្ហាញជម្រើសពីការសិក្សា លទ្ធភាពយ៉ាងលម្អិតចំនួន៣ សម្រាប់គម្រោងពង្រីកខ្សែរថភ្លើង Hokuriku Shinkansen ចេញពីទីក្រុង Tsuruga ទៅកាន់ទីក្រុង Osaka។
Hokuriku Shinkansen ជាខ្សែរថភ្លើងតភ្ជាប់រវាងទីក្រុង Tokyo ជាមួយទីក្រុង Tsuruga ក្នុងខេត្ត Fukui។ រថភ្លើងនេះត្រូវបានបើកដំណើរការ ដោយក្រុមហ៊ុន East Japan Railway និងក្រុមហ៊ុន West Japan Railway។
ការពង្រីកខ្សែរថភ្លើងនេះ គ្រោងចាប់ផ្តើមនៅត្រង់ចំណុចស្ថានីយ៍ Tsuruga ក្នុងខេត្ត Fukui ដោយរត់ឆ្លងកាត់ទីក្រុង Obama និងខេត្ត Kyoto មុនបន្តឆ្ពោះទៅដល់ស្ថានីយ៍ Shin-Osaka នៅក្នុងទីក្រុងអូសាកា។
ជម្រើសទាំង៣ មានចំណុចខុសគ្នាមួយចំនួន នៅពេលនិយាយពីការសាងសង់ ទីតាំងចំណតនៅក្នុងខេត្ត Kyoto។
ជម្រើសទាំង៣នោះ សុទ្ធតែបានស្នើសាងសង់ស្ថានីយថ្មីមួយនៅក្រោមដី។ ក្នុងនោះ ជម្រើសចំនួន២ បានស្នើឱ្យសាងសង់ចំណតថ្មី រត់ពីទិសខាងកើតទៅទិសខាងលិច ឬរត់ពីទិសខាងជើងទៅទិសខាងត្បូង នៅក្រោមស្ថានីយ៍ Kyoto Station។
ទន្ទឹមនឹងនេះ ជម្រើសមួយទៀត ដែលត្រូវបានស្នើឡើងសម្រាប់ការសាងសង់ចំណតថ្មី មានទីតាំងនៅជិតស្ថានីយ៍ Katsuragawa មានចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីភាគខាងលិចនៃស្ថានីយ៍ Kyoto ។
ការពង្រីកផ្លូវរថភ្លើងនេះ ត្រូវបានគេប៉ាន់ប្រមាណសារជាថ្មីថា នឹងត្រូវចំណាយទុនវិនិយោគ ចំនួន៥,៣ទ្រីលានយ៉េន(ប្រហែល៣៦,០៥ពាន់លានដុល្លារ) កើនឡើងជាង២ដងបើធៀបនឹងការប៉ាន់ប្រមាណ លើកដំបូងចំនួន២,១ទ្រីលានយ៉េន ដោយសន្មត់ថា អត្រាអតិផរណានឹងបន្តស្ថិតក្នុងកម្រិត២% ក្នុងមួយឆ្នាំ។
ក្រសួងដឹកជញ្ជូនជប៉ុនបានគូសបញ្ជាក់ថា ការសាងសង់ខ្សែផ្លូវរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងចំណាយរយៈពេលចំនួន២៨ឆ្នាំ បើប្រៀបធៀបនឹងការព្យាករណ៍ លើកដំបូងចំនួន១០ឆ្នាំ។
រដ្ឋាភិបាលជប៉ុនបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងទទួលបានការអនុម័ត នៅចុងឆ្នាំ២០២៤ ខណៈជប៉ុនបានដាក់គោលដៅចាប់ផ្តើមការដ្ឋានសាងសង់ ក្នុងឆ្នាំ២០២៥ខាងមុខ៕
ប្រភព: Japan Times