ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងចុះកិច្ចព្រមព្រៀងជួលតម្លៃ២,៤ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសចិន ដើម្បីជួលរថភ្លើងដឹកអ្នកដំណើរថ្មី សម្រាប់បម្រើឱ្យក្រុមហ៊ុនផ្លូវដែកប្រទេសនេះ (KTMB)។
ក្នុងដំណាក់កាលដំបូងពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងជួលថភ្លើងដឹកអ្នកដំណើរថ្មី ចំនួន៦២គ្រឿង ក្នុងទំហំទឹកប្រាក់ប៉ាន់ស្មាន ចំនួន១០,៧ពាន់លានរីងហ្គីត (ប្រហែល២,៤ពាន់លានដុល្លារ) តាមរយៈការបង់រំលោះក្នុងរយៈពេលនៃកិច្ចសន្យាជួលចំនួន៣០ឆ្នាំ។
លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ថ្លៃចំណាយពិតជាក់ស្តែង នឹងត្រូវបានប្រកាសឱ្យដឹង បន្ទាប់ពីយើងបញ្ចប់ការចរចា ជាមួយរដ្ឋាភិបាលចិននាពេលខាងមុខនេះ ហើយការជួលអនុញ្ញាតឱ្យយើងអាចទទួលបានរថភ្លើងលឿនជាងការទិញ”។
ការចុះកិច្ចព្រមព្រៀងជួលរថភ្លើងថ្មី ជាមួយក្រុមហ៊ុនផ្លូវដែកឈានមុខគេ CRRC របស់ប្រទេសចិន នឹងជួយធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវដែក របស់ក្រុមហ៊ុនរដ្ឋ (KTMB) និងជួយពង្រឹងគុណភាពសេវាកម្មបន្ថែមទៀត។
លោក Loke បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន ចំនួនជិត៩០% នៃរថភ្លើងដឹកអ្នកដំណើរ នៅក្នុងបណ្តាញផ្លូវដែករបស់ក្រុមហ៊ុន KTMB ត្រូវបានផលិត ដោយក្រុមហ៊ុនសាជីវកម្ម China Railway Rolling Stock Corporation (CRRC) ។
រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា កិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយពេលវេលា និងធ្វើឱ្យប្រសើរឡើង នូវការប្រើប្រាស់ផ្លូវដែក ខណៈសេវាកម្មផ្លូវដែកក្នុងស្រុក កំពុងទាមទារឱ្យមានការធ្វើទំនើបកម្មជាបន្ទាន់៕
ប្រភព: Vnexpress