ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីរបស់អង់គ្លេសបង្ហាញប្លង់ឌីហ្សាញដ៏ប្លែកសម្រាប់អគារផ្សារទំនើបក្នុងរដ្ឋធានីសេអ៊ូល

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមហ៊ុនខាងស្ថាបត្យកម្ម ដ៏ល្បីល្បាញ Heatherwick Studio ដែលមានមូលដ្ឋាននៅទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស បានយកឈ្នះការប្រកួតប្រជែងមួយ ដើម្បីជួសជុលឡើងវិញនូវផ្សារទំនើប Hanwha Galleria ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង។

ចំណែក ក្រុមហ៊ុនស្ថាបត្យកម្ម Haeahn Architecture ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ក៏កំពុងធ្វើការឌីហ្សាញគម្រោ​ងនេះផងដែរ។ អគារហាងលក់ទំនិញបច្ចុប្បន្ន នឹងត្រូវបានជំនួស ដោយការរចនាអគារកញ្ចក់ រាងនាឡិកាចំនួន២ស្ថិតត្រួតលើគ្នា។

ក្រុមស្ថាបត្យករ ដែលចូលរួមគម្រោងនេះ បានលើកឡើងថា “អគារទាំង២មានរូបរាងប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាបេះបិទទាំងស្រុងទេ ហើយការបង្កើតតំបន់សាធារណៈថ្មីនៅជុំវិញអគារទាំង២ នឹងធ្វើឱ្យអ្នកមកទស្សនាកំសាន្ត អាចក្រឡេកឃើញទន្លេ Han ដែលមានទីតាំងនៅជិតនោះ”។

លក្ខណៈពិសេសផ្សេងៗទៀត នៃអគារផ្សារទំនើបមួយនេះ រួមមាន ការរចនាសួនច្បារនៅលើដំបូលអគារ ដែលមានហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងគយ​គន់ទិដ្ឋភាពទីក្រុងសេអ៊ូល។ នេះបើយោងតាមសារពត៌មាន The Architects’Journal។

​ក្រុមហ៊ុន Heatherwick បានបន្ថែមថា អគារនេះមានស្រ​ទាប់២ជាន់ ក្នុងនោះស្រទាប់ទី១ផ្នែកខាងមុខ ត្រូវបានបំពាក់ដោយកញ្ចក់ ហើយស្រទាប់ទី២ ជាផ្ទៃជញ្ជាំងពិដានអគារ។ លក្ខណៈពិសេសនេះ ផ្តល់និរន្តរភាពកាន់តែប្រសើរ និងបង្កើតបានជាសំយ៉ាប សម្រាប់រៀបចំការតាំងពិពណ៌ និងព្រឹត្តិការណ៍សិល្បៈផងដែរ។

លោក Neil Hubbard ដៃគូ និងជាថ្នាក់ដឹកនាំក្រុមការងាររបស់ក្រុមហ៊ុន Heatherwick Studio បានលើកឡើងថា “គួបផ្សំនឹងមហិច្ឆតា របស់ម្ចាស់ផ្សារទំនើប Hanwha Galleria ក្នុងការនាំមកនូវសកម្មភាពកាន់តែច្រើនមកក្នុងអគារ យើងគ្រោងបង្កើតច្រកចេញចូល និងរៀបចំសួនច្បារ ដើម្បីប្រមូលមនុស្សមកជួបជុំគ្នាដើរទិញទំនិញ និងរីករាយនឹងការរស់នៅ ក្នុងទីក្រុងរបស់ពួកគេ”។

នៅពេលនេះ ក្រុមហ៊ុន Heatherwick Studio បន្តគូរប្លង់រចនាយ៉ាងលម្អិត បន្ទាប់ពីក្រុមហ៊ុនបានដាក់ បង្ហាញប្លង់រចនាសួនសាធារណៈនៅលើកោះមួយ ក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំមុន តែការងារជាក់ស្ដែងពុំទាន់ បានចាប់ផ្តើមតាមការគ្រោងទុកទេ៕

ប្រភព: The Architects’Journal

LEAVE A REPLY

Please enter your comment!
Please enter your name here