តើកូរ៉េខាងត្បូងអាចវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញទំនិញទៅបរទេសឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងកំពុងកើនឡើងជាលំដាប់ រហូតនាំឱ្យក្រុមជំនាញរំពឹងទុកថា កូរ៉េខាងត្បូងអាចនឹងវ៉ាដាច់ការនាំចេញរបស់ប្រទេសជប៉ុនជាលើកដំបូងនៅក្នុងឆ្នាំ២០២៤នេះ។

គម្លាតទំហំទឹកប្រាក់នៃការនាំចេញរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចំនួន៣,៥ពាន់លានដុល្លារនៅក្នុងឆមាសទីមួយឆ្នាំនេះ បើធៀបនឹងគម្លាតចំនួន១៦០ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និង៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

ការបង្រួមគម្លាតកាន់តែតូចបែបនេះកើតមានឡើង ស្របពេលការនាំចេញទំនិញរបស់កូរ៉េខាងត្បូងទៅក្រៅប្រទេសកំពុងមានការកើនឡើង។ចំណែកការនាំចេញរបស់ប្រទេសជប៉ុនបានស្ថិតនៅទ្រឹង។

ជាក់ស្ដែង ការនាំចេញទំនិញរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះសម្រេចបានទំហំទឹកប្រាក់ចំនួន៣៣៤,៨ពាន់លានដុល្លារ កើនឡើង៩ភាគរយធៀបនឹងឆ្នាំមុន។

ផ្ទុយទៅវិញ ការ​នាំ​ចេញ​ទំនិញរបស់​ប្រទេសជប៉ុន​ទៅកាន់ទីផ្សារអន្តរជាតិបាន​ធ្លាក់​ចុះ៣,៦ភាគរយ​មក​នៅ​ត្រឹមទំហំទឹកប្រាក់ចំនួន៣៣៨,៣ពាន់​លាន​ដុល្លារអាមេរិក។

គិតត្រឹមខែកក្កដា ការនាំចេញរបស់កូរ៉េខាងត្បូងបានបន្តកើនឡើងរយៈពេល១១ខែជាប់ៗគ្នា ខណៈការនាំចេញទៅក្រៅប្រទេសក្នុងខែកក្កដាបានកើនឡើង១៣,៩ភាគរយដល់៥៧,៤ពាន់លានដុល្លារ។នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ។

លោក Lee Ji-pyeong សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Hankuk University of Foreign Studies បានលើកឡើងថា “នៅក្រោមកាលៈទេសៈខាងលើនេះ ប្រទេសកូរ៉េខាងត្បូងពិតជាមានឱកាសវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញ”។

លោកបានកត់សម្គាល់ថា ការនាំចេញរបស់កូរ៉េអាចនឹងបំបែកកំណត់ត្រាក្នុងទំហំទឹកប្រាក់ចំនួន៧០០ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈការនាំចេញរបស់ជប៉ុនបាននិងកំពុងបន្តធ្លាក់ចុះ បន្ទាប់ពីហក់ឡើងដល់កម្រិតកំពូលចំនួន៨២៣,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១១។

ទាក់ទងនឹងតារាងវាយតម្លៃចំណាត់​ថ្នាក់​លើបណ្តាប្រទេស​នាំ​ចេញ​ច្រើនជាង​គេ​របស់​ពិភពលោក កូរ៉េ​ខាងត្បូងបានស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១២កាលពីឆ្នាំ២០០៨ ហើយ​បន្ទាប់​មក​ កូរ៉េបាន​បោះជំហានឡើង​ទៅ​កាន់ចំណាត់​ថ្នាក់លេខ៧ ក្នុង​ឆ្នាំ២០១០ និង​បន្តឈានឡើង​ដល់​ចំណាត់​ថ្នាក់លេខ៦ ក្នុង​ឆ្នាំ២០១៥។

ទន្ទឹមនឹងនេះ ប្រទេសជប៉ុននៅតែបន្តស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ជាប់រហូត ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីជប៉ុនត្រូវបានវ៉ាដាច់ដោយប្រទេសហូឡង់ក្នុងឆ្នាំតែមួយនោះ៕

ប្រភព: Korea Times

LEAVE A REPLY

Please enter your comment!
Please enter your name here