ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យសំបុត្រធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកដំណើរ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតក្រុមការងារអន្តរក្រសួងមួយក្នុងគោលដៅដោះស្រាយបញ្ចុះតម្លៃសំបុត្រយន្តហោះ។ ក្រុមអ្នកជំនាញរំពឹងថា តម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងថយចុះប្រមាណ១០ភាគរយនៅត្រឹមខែតុលាខាងមុខ។
-->
ក្រុមការងារអន្តរក្រសួង រួមមានក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
កន្លងមក សមាគមក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី (INACA) បានវាយតម្លៃថា អាជីវកម្មអាកាសចរណ៍នៅក្នុងប្រទេសកំពុងជាប់គាំង និងបង្កការខាតបង់។ ជាក់ស្ដែង ថ្វីបើសំបុត្រយន្តហោះមានតម្លៃខ្ពស់ ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករកប្រាក់ចំណេញមិនបានច្រើនទេ។
លោក Denon Prawiraatmadja ប្រធានសមាគម INACA បានលើកឡើងថា “ក្រុមហ៊ុនអាកាសចរណ៍កំពុងប្រឈមនឹងការខាតបង់ដោយសារតែការចំណាយថ្លៃដើមខ្ពស់។ ការណ៍នេះបានជំរុញឱ្យក្រុមហ៊ុននានាដំឡើងតម្លៃសំបុត្រយន្តហោះ”។
លោក Sandiaga បានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះនឹងត្រូវបានលើកមកសិក្សាដើម្បីធានាថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីអាចដំណើរការប្រកបដោយប្រសិទ្ធភាព ដូចគ្នានឹងបណ្តាប្រទេសដទៃទៀត។
លោក Alvin Lie អ្នកសង្កេតការណ៍អាកាសចរណ៍ បានចង្អុលបង្ហាញថា បន្ទុកពន្ធខ្ពស់ពីរដ្ឋាភិបាល និងអាកាសយានដ្ឋាន ជាកត្តាចម្បងដែលរួមចំណែកដល់ការហក់ឡើងតម្លៃសំបុត្រយន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
យោងតាមលោក Alvin បានឱ្យដឹងថា តម្លៃសំបុត្រយន្ដហោះសម្រាប់អ្នកដំណើរ បានបូករួមបញ្ចូលទាំងថ្លៃប្រតិបត្តិការ និងការថែទាំអាកាសយានដ្ឋាន ក៏ដូចជាថ្លៃសេវាព្រលានយន្តហោះផងដែរ។ នេះជាហេតុធ្វើឱ្យតម្លៃសំបុត្រកើនឡើងខ្ពស់។
លោក Alvin បានកត់សម្គាល់បន្ថែមទៀតថា តម្លៃសំបុត្រយន្តហោះក៏រួមបញ្ចូលអាករលើតម្លៃបន្ថែមចំនួន១១ភាគរយផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបង់ពន្ធទាំងនេះនៅពេលទិញប្រេងឥន្ធនៈ ហើយក៏បង់ពន្ធលើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់។ នេះជាលទ្ធផលនាំឱ្យមានការយកពន្ធត្រួតគ្នាទ្វេរដង ដែលធ្វើឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់៕
ប្រភព: Vnexpress