ABCនិងCMAចេញផ្សាយគោលការណ៍ណែនាំថ្មីសម្រាប់ស្ថាប័នហិរញ្ញវត្ថុជាមួយអតិថិជន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សមាគម​ធនាគារ​កម្ពុជា (ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បានចេញ​ផ្សាយ​គោលការណ៍​ណែនាំ​ថ្មី​ ដោយ​ទាមទារ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ ​ទទួល​យក​វិធីសាស្ត្រ​ដែល​អាច​បត់បែន​បាន​ នៅពេល​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​បាន​ប្រើប្រាស់​ដី​ ជា​ទ្រព្យធានា​​ក្នុងការ​ដោះដូរ ​ដើម្បី​ការ​ពារ​អ្នក​ខ្ចី​ដែល​ងាយ​រងគ្រោះ​។​

យោងតាម​គោល​ការណ៍​ណែនាំ​​ថ្មីនេះ​ ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​ត្រូវបាន​ហាមឃាត់​ដោយ​មិន​បង្ខំ​ឱ្យ ​អតិថិជន​លក់​ដី ​ដើម្បី​សង​ប្រាក់​បំណុល។

ផ្ទុយ​ទៅ​វិញ​ ស្ថាប័ន​ទាំងនេះ ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការចរចា​ដោយ​យុត្តិធម៌ និង​អាច​បត់បែន​បាន ​ដែល​ផ្តល់​អាទិភាព​ដល់​​​អ្នក​ខ្ចី ​ក្នុង​ការ​ទូទាត់​សង ​ដោយ​មិន​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។

លោក សុខ ចាន់ នាយក​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ទំនាក់​ទំនង​សាធារណៈ​នៃ​សមាគម​ធនាគារ​នៅកម្ពុជា ABC មាន​ឱ្យ​ដឹង​ថា ចំពោះ​អតិថិជន​ដែល​មាន​ទ្រព្យ​ធានា ​ជា​ដី​សមូលភាព គ្រឹះស្ថាន​ ត្រូវ​មាន​ភាព​ទន់ភ្លន់​ក្នុង​ការ​ជជែក ឬ​ពិភាក្សា​ជាមួយ​អតថិជន ដោយ​មិន​បង្ខំ​ក្នុង​ការ​ទារ​បំណុល ឬ​លក់​ដី​នោះទេ​។ ​

លោក​បាន​បន្ដ​ថា​ “យើង​បារម្ភ​ពី​បង​ប្អូន​ ជន​ជាតិ​ដើម​ភាគតិច អ្នក​ខ្ចី​ដែល​ដាក់​ទ្រព្យ​ធានា ដូចជា ដីធ្លី ទើប​យើង​បាន​ចេញ​គោលដៅ​ណែនាំ​នេះ ​ដើម្បី​ជួយ​ដល់​ពួកគាត់​ ហើយ​យើង​បាន​ជម្រាប​ទៅ​គ្រឹះស្ថាន​ [ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​] ដែរ បើ​សិន​ជា​ពួកគាត់​មាន​ប្លង់​ដី ជា​ទ្រព្យ​ធានា​ សម្រាប់​ឥណទាន ពួកគេ​ត្រូវ​ប្រគល់​ប្លង់​ទាំង​នោះ ​ឱ្យ​ត្រឡប់​ទៅ​កាន់​ពួក​គាត់​វិញ ពេល​សង​គ្រប់​ចំនួន​នៃ​កម្ចី​។

គោលការណ៍​ណែនាំ ​ដែល​បាន​ចូល​ជា​ធរមាន​​ កាល​ពី​ថ្ងៃទី១៦ ខែសីហា ក៏​បាន​ហាម​ឃាត់​ទទួលយក​ដី​កម្មសិទ្ធិ​សមូហភាព មាន​ដូចជា ដី​ឯកជន​របស់​រដ្ឋ និង​ដី​សាធារណៈ​របស់​រដ្ឋ ដែល​បាន​ចុះបញ្ជី​រួចហើយ​ជាមួយ​រដ្ឋ មក​ធ្វើជា​ទ្រព្យ​ធានា​ឥណទាន​ថ្មី​ ដូចជា ដី​សហគមន៍ ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដី​សមូហភាព ដី​អាជ្ញាធរ​ជាតិ​អប្សរា ដី​ដែន​ជម្រក​សត្វព្រៃ ដី​តំបន់​ការពារ ដី​ច្រក​របៀង និង​ដី​តំបន់​ការពារ​ផ្សេងទៀត។

គ្រឹះស្ថាន​ត្រូវ​បាន​ហាម​ឃាត់​ ទទួល​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​បុគ្គល​ដែល ​រួមមាន អត្តសញ្ញាណ​បណ្ណ សៀវ​ភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ លិខិត​ឆ្លង​ដែន សំបុត្រ​កំណើត និង​បណ្ណ​សមធម៌ សម្រាប់​ការធានា​លើ​ការផ្ដល់​ឥណទាន ជាដាច់ខាត​។​

គោល​ការណ៍​ណែនាំ​បាន​បង្ហាញថា​ “​ការផ្តល់​ឥណទាន​ចំពោះ​គ្រួសារ ​ដែល​មាន​បណ្ណសម​ធម៌ ត្រូវធ្វើ​ឡើង​ដោយ​មាន​ការ​វាយតម្លៃ​លទ្ធភាព​ សង​ឥណទាន​ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់​ចត់​។ ចៀសវាង​ការ​ផ្តល់​ឥណទាន ​ដែលមាន​ទំហំ​លើសពី​សមត្ថភាព ដែល​អាច​ប្រឈម​នឹង​បំណុល​ច្រើន​លើសលប់”។

លោកសុខ ចាន់ បានបន្តថា វាជា​ការងារ​ប្រចាំថ្ងៃរបស់​គ្រឹះ​ស្ថាន​នីមួយៗ​ក្នុង​ការ​វាយ​តម្លៃ ដល់កម្ចី​ដល់​អតិថិជន​របស់​ពួកគេ។ នេះ​គ្រាន់តែ​វិធាន​បន្ថែម​ ដើម្បី​រំឭក​ដល់​គ្រឹះស្ថាន ​ដើម្បី​អនុវត្ដន៍​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​ទៅនឹង​ក្រម​ប្រតិបត្ដិ​ ដែល​បាន​ចេញ​កាលពី​ខែមីនា ឆ្នាំ​២០២២​។

សមាគម​ធនាគារ​ ក៏​មានសេវាកម្ម​ទូរស័ព្ទ​ (Hot Line) ដើម្បី​ទទួល​នូវ​បណ្ដឹង​ពីអតិថិជន បើសិន​ការ​អនុវត្ដ​បុគ្គលិក ឬគ្រឹះ​ស្ថាន​ធនាគារ​ ដែលមិន​សម​ទៅនឹង​ក្រមប្រតិបត្ដិ​ ក្រម​សីលធម៌​របស់​សមាគមន៍ និង​ច្បាស់​។

សមាគម ​ក៏​នឹង​ធ្វើការ​វាយ​តម្លៃ​ដល់​គ្រឹះស្ថាន​៣០ ក្នុង​ដំណាក់​កាល​ទីមួយ ​ចំពោះ​​ក្រមប្រតិបត្ដិ ដែលត្រូវបាន​ដាក់​ចេញ​កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here