ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហាណូយ គ្រោងដាក់បញ្ចូលផ្លូវដែកចំនួន៥ខ្សែបន្ថែមទៀត ទៅក្នុងផែនការដំបូងចំនួន១០ខ្សែ ដោយគ្រោងសាងសង់បញ្ចប់ នៅត្រឹមឆ្នាំ២០៤៥ខាងមុខ ក្រោមទំហំទុនវិនិយោគ ប្រមាណ៥៥ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម កំពុងធ្វើវិសោធនកម្មផែនការទូទៅ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងរដ្ឋធានីហាណូយ និងរៀបចំផែនការដឹកជញ្ជូន នៅក្នុងរដ្ឋធានី។
-->
យោងតាមផែនការដែលមានស្រាប់ រហូតដល់ឆ្នាំ២០៣០ បណ្តាញផ្លូវរថភ្លើងនេះ នឹងមានចំនួន១០ខ្សែ មានប្រវែងសរុបប្រមាណ៤១០គីឡូម៉ែត្រ ហើយទីក្រុងហាណូយនឹងសាងសង់ផ្លូវដែក ប្រវែង២០៧គីឡូម៉ែត្របន្ថែមទៀត ស្ថិតក្រោមផែនការតែមួយ។
លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនរបស់ទីក្រុងហាណូយលើកឡើងថា “ការកសាងផ្លូវរថភ្លើងក្នុងទីក្រុងជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ធំ ដែលមានល្បឿនលឿន និងមានសមត្ថភាព ហើយជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ជាពិសេសសម្រាប់ទីក្រុងហាណូយ”។
ទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា ការសាងសង់ផ្លូវដែក បានប្រឈមមុខនឹងបញ្ហានានា ក្នុងពេលថ្មីៗនេះ ដោយក្នុងនោះ មានតែខ្សែរថភ្លើង Cat Linh – Ha Dong និងកំណាត់រថភ្លើង Nhon – Hanoi ដែលកំពុងដំណើរការសាងសង់នាពេលបច្ចុប្បន្ន។
ទីក្រុងហាណូយមានគោល បំណងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងឱ្យបាន១០ខ្សែ នៅត្រឹមឆ្នាំ២០៣៥ ប្រវែង៤១៨គីឡូម៉ែត្រ ក្រោមដើមទុនវិនិយោគសរុប ចំនួន៣៧ពាន់លានដុល្លារ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មើលប្រភពដើមទុនរួចមក ទីក្រុងហាណូយរំពឹងថា នឹងប្រមូលកៀរគរបានទុនចំនួន៨ពាន់លានដុល្លារពីរដ្ឋាភិបាល និងទុន២៨ពាន់លានដុល្លារពីប្រភពផ្សេងទៀត៕

ប្រភព:Vnexpress