ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុន Samsung Electronics បន្តរក្សាបានតំណែងឈានមុខគេ នៅក្នុងទីផ្សារស្មាតហ្វូនធំៗ នៅតំបន់អាស៊ាន ប៉ុន្តែក្រុមហ៊ុនក៏កំពុងប្រឈមមុខ នឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ពីដៃគូប្រជែងចិន ដែលលក់ស្មាតហ្វូនក្នុងតម្លៃទាបជាង។
យោងតាមទិន្នន័យ ពីក្រុមហ៊ុនតាមដានទីផ្សារ Canalys បានឱ្យដឹងថា នៅចន្លោះពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូន របស់តំបន់អាស៊ានចំនួន១៨%។ តួលេខនេះ បង្ហាញសញ្ញាពីការធ្លាក់ចុះ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
ទន្ទឹមគ្នានេះ ក្រុមហ៊ុនផលិតស្មាតហ្វូន របស់ប្រទេសចិន រួមមានទូរស័ព្ទ Xiaomi និងទូរស័ព្ទ Oppo គ្រប់គ្រង់ចំណែកទីផ្សារអាស៊ាន បានចំនួន១៧ភាគរយរៀងខ្លួនៗ។
នៅត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនចំនួន៤,៤លានគ្រឿង កើនឡើង៥ភាគរយ ខណៈការលក់របស់ក្រុមហ៊ុន Xiaomi បានកើនឡើង៣៧ភាគរយ ហើយការលក់របស់ក្រុមហ៊ុន Oppo បានកើនឡើង២៤ភាគរយ។
យ៉ាងណាមិញ នៅតាមបណ្តាប្រទេស ដែលជាទីផ្សារស្មាតហ្វូនធំៗ ក្រុមហ៊ុន Samsung មិនបានជាប់ចំណាត់ថ្នាក់កំពូលលើតារាងនៃការលក់នោះទេ ដោយក្រុមហ៊ុន Xiaomi ជាអ្នកលក់ដាច់ស្មាតហ្វូនបានច្រើនបំផុត នៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈទូរស័ព្ទ Oppo លក់ដាច់បំផុតនៅប្រទេសថៃ និងប្រទេសវៀតណាម។
របាយការណ៍ក្រុមហ៊ុន Canalys បានអះអាងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន កំពុងឈានមុខគេតាមរយៈការដាក់លក់ទូរស័ព្ទ ក្នុងតម្លៃថោកជាងគូប្រជែង និងដាក់ចេញយុទ្ធសាស្ត្រជំរុញការលក់ ស្របពេលតម្រូវការប្រែប្រួលតាមតម្លៃ។
គិតមកដល់ពេលនេះ ក្រុមហ៊ុន Samsung អាចរក្សាតំណែងកំពូលរបស់ខ្លួនភាគច្រើនបាន ដោយសារតែភាពលេចធ្លោលើការលក់ស្មាតហ្វូន ដែលមានតម្លៃចន្លោះពីមធ្យម ទៅទាប ជាជាងតម្លៃខ្ពស់។ ការណ៍នេះតម្រូវឱ្យក្រុមហ៊ុន Samsung រៀបចំយុទ្ធសាស្ត្រកំណត់តម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបាត់បង់តំណែងកំពូលទៅឱ្យក្រុមហ៊ុន Xiaomi នៅប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំ បំផុតរបស់ពិភពលោក ខណៈចំណែកទីផ្សារនៅលើសកលលោកទាំងមូល របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ បានធ្លាក់ចុះពី២១ភាគរយ មកនៅត្រឹម១៩ភាគរយក្នុងត្រីមាសទី២។
ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារសកលរបស់ក្រុមហ៊ុន Xiaomi បានកើនឡើងពី១៣% ដល់១៥%៕

ប្រភព: The Nation