ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍ លោកខាងលិចបន្តកាត់បន្ថយជើងហោះហើរ ទៅកាន់ប្រទេសចិន ដោយលើកឡើងពីតម្រូវការតិច និងការចំណាយខ្ពស់ក្នុងការបើកបរជៀសដែនអាកាសរបស់រុស្ស៊ី។
យ៉ាងណាមិញ ការកើនឡើងភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏ជាហេតុផលមួយផ្សេងទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times ។
-->
សមត្ថភាពប្រកួតប្រជែង របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ លោកខាងលិចបន្តធ្លាក់ចុះ បើធៀបនឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ចិន ព្រោះក្រុមហ៊ុនចិន នៅតែអាចហោះហើរឆ្លងកាត់ទឹកដីរបស់រុស្ស៊ី។
នៅក្នុងខែសីហានេះ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសថា ខ្លួននឹងផ្អាកជើងហោះហើររវាងទីក្រុងឡុងដ៍ និងទីក្រុងប៉េកាំង ចាប់ពីខែតុលាខាងមុខ។ ការសម្រេចចិត្តនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Virgin Atlantic បានបិទផ្លូវហោះហើរតែមួយគត់របស់ខ្លួន ទៅកាន់ទីក្រុងសៀងហៃ។
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas ក៏បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនជើងហោះហើរ នៅលើផ្លូវរវាងទីក្រុងស៊ីដនី និងទីក្រុងសៀងហៃ ដោយសារតែចំនួនយន្តហោះមិនគ្រប់គ្រាន់។
យោងតាមទីភ្នាក់ងារផ្តល់ទិន្នន័យ ធ្វើដំណើរជាសកល OAG បានឱ្យដឹងថា ចំនួនជើងហោះហើរអន្តរជាតិ ពីតំបន់អឺរ៉ុប និងតំបន់អាមេរិកខាងជើង ទៅកាន់ប្រទេសចិនសម្រាប់រដូវក្តៅឆ្នាំ២០២៤ បានដាំក្បាលចុះជាង៦០% បើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០១៨។
ចាប់តាំងពីឆ្នាំ២០២០ នៅពេលជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក ចំនួនជើងហោះហើរពីប្រទេសលោកខាងលិច ទៅកាន់ប្រទេសចិន បានចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក។
នៅឆ្នាំ២០២២ ប្រទេសរុស្ស៊ី បានហាមប្រាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងអឺរ៉ុបហោះហើរពីលើដែនអាកាសរបស់ខ្លួន។ ការណ៍នេះ នាំឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងជាហេតុផលមួយទៀត ចំពោះការកាត់បន្ថយចំនួនជើងហោះហើរទៅកាន់ចិន។
ក្រុមអ្នកជំនាញ ក៏បានចាត់ទុកការប្រែប្រួល នៃទំនាក់ទំនងរវាងចិនជាមួយអាមេរិក និងអឺរ៉ុបជាកត្តារួមចំណែកផងដែរ។ភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពលដោយជៀសមិនរួច ហើយជាលទ្ធផលក្រុមហ៊ុនលោកខាងលិច បានកាត់បន្ថយជើងហោះហើរ ទៅកាន់ទីក្រុងប៉េកាំង៕

ប្រភព: RBC Ukraine